ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សា នៅក្នុងព្រឹត្តិការណ៍ G20 (G20 Event) រៀបចំឡើងដោយធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) នៅទីស្នាក់ការកណ្តាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)
២២ តុលា ២០២៤

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាស្តីពីប្រធានបទ “អនាគតនៃប្រតិបត្តិការទូទាត់ឆ្លងដែន៖ កាន់តែលឿន កាន់តែសុវត្ថិភាព និងកិច្ចសហប្រតិបត្តិការល្អ” នៅក្នុងព្រឹត្តិការណ៍ G20 (G20 Event) រៀបចំឡើងដោយធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
 
កិច្ចពិភាក្សានេះក៏មានវត្តមានចូលរួមពីឥស្សរជនជាថ្នាក់ដឹកនាំល្បីៗក្នុងវិស័យហិរញ្ញវត្ថុលើពិភពលោករួមមាន លោកជំទាវ Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប ឯកឧត្តម Fabio Panetta ទេសាភិបាលធនាគារកណ្តាលអ៊ីតាលី និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកប្រតិបត្តិការទូទាត់ និងហេដ្ឋារចនាសម្ព័ន្ធទីផ្សារ (CPMI) នៃ BIS និងឯកឧត្តម Lesetjia Kganyago ទេសាភិបាល ធនាគារកណ្តាលអាហ្វ្រិកខាងត្បូង។ 
 
នៅក្នុងកិច្ចពិភាក្សានេះ លោកជំទាវទេសាភិបាលបានចែករំលែកអំពីបទពិសោធន៍នៃការជម្នះបញ្ហាប្រឈមនានាក្នុងដំណើរតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាមួយប្រទេសមួយចំនួននាពេលកន្លងមក និង ផែនការពង្រីកការតភ្ជាប់ជាមួយបណ្តាប្រទេសក្នុងតំបន់និងពិភពលោក ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ។ បន្ថែមលើនេះ លោកជំទាវក៏បានរំលេចពីសារៈសំខាន់នៃប្រតិបត្តិការទូទាត់ឆ្លងដែនក្នុងការជំរុញពាណិជ្ជកម្មអេឡិចត្រូនិក សម្រួលការទូទាត់ដល់ទេសចរអន្តរជាតិ និងវិនិយោគិនបរទេស ព្រមទាំងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។