ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Dato’ Seri Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្ដាលម៉ាឡេស៊ី បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសម៉ាឡេស៊ី
០៨ មេសា ២០២៥

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Dato’ Seri Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្ដាលម៉ាឡេស៊ី បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសម៉ាឡេស៊ី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ក្នុងអំឡុងពេលនៃការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលតំបន់អាស៊ាន។ ការដាក់ឱ្យដំណើរការនេះ នឹងពង្រីកលទ្ធភាពនៃការទូទាត់ឆ្លងដែនបន្ថែមទៀត សម្រាប់ប្រជាជនម៉ាឡេស៊ីដែលធ្វើដំណើរមកប្រទេសកម្ពុជា ដោយផ្ដល់នូវបទពិសោធន៍ក្នុងការទូទាត់ឆ្លងដែនដែលឆាប់រហ័ស និងងាយស្រួល តាមរយៈការប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានហិរញ្ញវត្ថុនៅប្រទេសម៉ាឡេស៊ី ដែលជាសមាជិកនៃគម្រោង ដើម្បីស្កេនខេអេចឃ្យូអរកូតរបស់ពាណិជ្ជករកម្ពុជា។ លើសពីនេះ ពាណិជ្ជករក្នុងស្រុកទាំងនៅប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ីជាង ៧ លាននាក់ នឹងមានលទ្ធភាពក្នុងការពង្រីកទីផ្សារបានកាន់តែទូលំទូលាយជាងមុន ដែលការណ៍នេះ នឹងផ្ដល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ។