ព័ត៌មាន
ធនាគារជាតិនៃកម្ពុជាបានរៀបចំកិច្ចប្រជុំទ្វេភាគីរវាងធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាម
២៥ សីហា ២០២៥

ធនាគារជាតិនៃកម្ពុជាបានរៀបចំកិច្ចប្រជុំទ្វេភាគីរវាងធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាម នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំប្រចាំឆ្នាំ២០២៥នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ សំដៅរួមចំណែកអភិវឌ្ឍវិស័យធនាគារនៅក្នុងប្រទេសទាំងពីរ។ 

ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ពីស្ថានភាពសេដ្ឋកិច្ច នយោបាយរូបិយវត្ថុ ដំណើរការអភិវឌ្ឍន៍វិស័យធនាគារនៃប្រទេសទាំងពីរ និងបានឯកភាពលើកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៥-២០២៦ ដែលរួមមានដូចជា៖ i/-បង្កើនវិសាលភាពនៃការទូទាត់ទ្វេភាគី តាមរយៈការជំរុញឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុកាន់តែច្រើនចូលរួម ii/- លើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ (ប្រាក់រៀលខ្មែរនិងប្រាក់ដុងវៀតណាម) សម្រាប់ការទូទាត់ឆ្លងដែន នៃប្រជាជនក្នុងប្រទេសទាំងពីរ និង iii/-លើកកម្ពស់តួនាទីរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃប្រទេសទាំងពីរ។

ជារួម ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីសម្រាប់ឆ្នាំនេះ ដោយកិច្ចប្រជុំបានបញ្ចប់ទៅដោយភាតរភាព និងភាពស្និទ្ធស្នាលជាទីបំផុត។