១៨ សីហា ២០២៥
ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលហ្វីលីពីន បានរៀបចំកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំលើកទីពីរ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តមបណ្ឌិត Eli Remolona ទេសាភិបាល ធនាគារកណ្តាលហ្វីលីពីន នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នៅខេត្ត Bohol ប្រទេសហ្វីលីពីន ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។
ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំងពីរបានពិភាក្សាផ្លាស់ប្តូរទស្សនាទាន និងបទពិសោធលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច វិស័យធនាគារ ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន។
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពលើកិច្ចសហការពន្លឿនការតភ្ជាប់គម្រោងទូទាត់ឆ្លងដែនទ្វេភាគីតាមឃ្យូអរកូត ដែលគ្រោងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខ ដើម្បីជួយសម្រួលដល់ការដោះដូរពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរថែមទៀត។


