២៧ កញ្ញា ២០២៥
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទស្សនាពិព័រណ៌ផលិតផលខ្មែរ ក្រោមប្រធានបទ "ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក" នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។
ពិធីនេះត្រូវបានសម្ពោធបើកក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងជាគំនិតផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្មក្រោមការដឹកនាំរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហើយនិងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមតាំងផលិតផលក្នុងស្រុករបស់សហគ្រាសខ្មែរជាច្រើន ព្រមទាំងមានកម្មវិធីកិច្ចពិភាក្សា ចែករំលែកចំណេះដឹង បទពិសោធ ទស្សនៈនិងសិល្បៈកម្សាន្តជាច្រើនផងដែរ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង ក្នុងន័យជំរុញផលិតផលក្នុងស្រុក ក៏ដូចជាស្តែងឱ្យឃើញពីស្មារតីរួបរួមជាតិផងដែរ។


