០១ តុលា ២០២៥
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញសំណេះសំណាល អបអរសាទរ និងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់ជាស្ថាពរ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥ នៅស្រុកប្រាសាទសំបូរ និងស្រុកសន្ទុក ខេត្តកំពង់ធំ នាសម័យប្រឡងកាលពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ និងមានការចូលរួមពីមាតាបិតា អាណាព្យាបាល និងលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋានសរុបប្រមាណ ១.០០០រូប។
នាឱកាសនោះ លោកជំទាវ ទេសាភិបាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់សិស្សានុសិស្ស ដែលពិតជាបានបង្ហាញពីស្មារតីតស៊ូ អត់ធ្មត់ ខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់រៀនសូត្ររហូតសម្រេចបានលទ្ធផលជាវិជ្ជមាននេះ។ លោកជំទាវ ទេសាភិបាល ក៏បានចូលរួមអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល លោកនាយក-លោកស្រីនាយិកា និងលោកគ្រូ-អ្នកគ្រូ ចំពោះការចូលរួមចំណែកក្នុងសមិទ្ធផលនេះផងដែរ។ ទន្ទឹមនេះ លោកជំទាវក៏បានលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលមិនទាន់ទទួលបានជោគជ័យ ឱ្យតស៊ូប្រឹងប្រែងរៀនសូត្របន្តទៀត កុំបោះបង់ចោលការសិក្សា និងកុំបាក់ទឹកចិត្ត ដោយចាត់ទុកថាឆ្នាំនេះបានផ្តល់នូវបទពិសោធថ្មីមួយសម្រាប់ត្រៀមខ្លួនឱ្យបានល្អ សំដៅទទួលបានជោគជ័យក្នុងការប្រឡងនៅឆ្នាំក្រោយ។
នៅខេត្តកំពង់ធំបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥ មានសរុបចំនួន ៥.៧៩៥រូប (ស្រី ៣.៣១៩រូប) ក្នុងនោះ បេក្ខជនប្រឡងមកពីវិទ្យាល័យតាអោក និងវិទ្យាល័យកំពង់ឈើទាល ក្នុងស្រុកប្រាសាទសំបូរខេត្តកំពង់ធំ មានចំនួន ២២៤រូប និងបានប្រឡងជាប់ជាស្ថាពរ ២០៩រូប ឬ ៩៣,៥%។ រីឯបេក្ខជនមកពីវិទ្យាល័យ ហ៊ុន សែន ភ្នំសន្ទុក វិទ្យាល័យតាំងក្រសាំង និងវិទ្យាល័យកំពង់ថ្ម ក្នុងស្រុកសន្ទុកមានចំនួន ៥៨៥រូប ក្នុងនោះ ៥១៦រូប ( ៨៨,២១% ) បានប្រឡងជាប់ជាស្ថាពរ។
គួររំលេចថា ធនាគារជាតិនៃកម្ពុជា តែងតែចូលរួមចំណែកគាំទ្រ និងលើកកម្ពស់ការអប់រំដល់សិស្សានុសិស្ស តាមរយៈការឧបត្ថម្ភវគ្គបំប៉នបន្ថែមជារៀងរាល់ឆ្នាំសម្រាប់សិស្សានុស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។


