១៧ តុលា ២០២៥
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់ ធនាគារ ហត្ថា ម.ក ដឹកនាំដោយលោក Kenichi Yamato តំណាងភាគទុនិក ធនាគារ ហត្ថា ម.ក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
ក្នុងជំនួបនេះ លោក Kenichi បានជម្រាបជូនពីវឌ្ឍនភាពប្រតិបត្តិការរបស់ធនាគារ ហត្ថា ម.ក ដែលជាសមាជិកមួយរបស់ធនាគារ Mitsubishi UFJ Financial Group (MUFG) នៃប្រទេសជប៉ុន និងបានបង្ហាញពីការប្តេជ្ញារបស់ភាគទុនិក ក្នុងការគាំទ្រ និងបន្តវិនិយោគរយៈពេលវែងនៅកម្ពុជា។ បន្ថែមលើនេះ លោកក៏បានលើកឡើងពីការខិតខំអនុវត្តតាមក្របខណ្ឌបទប្បញ្ញត្តិនានារបស់ធនាគារជាតិនៃកម្ពុជា ដើម្បីពង្រឹងភាពធន់របស់ធនាគារ។
ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានថ្លែងអំណរគុណលោកតំណាងភាគទុនិក ចំពោះការជឿជាក់ក្នុងការវិនិយោគក្នុងវិស័យធនាគារនៅកម្ពុជា ក៏ដូចជាឆន្ទ:ក្នុងការជួយពង្រឹងភាពធន់ក្នុងវិស័យធនាគារនៅកម្ពុជា។ ទន្ទឹមនេះ លោកជំទាវក៏បានស្នើធនាគារបន្តគាំទ្រដល់វិស័យធនាគារ តាមរយៈការបន្តបង្កើតផលិតផលហិរញ្ញវត្ថុថ្មីដោយប្រើប្រាស់ឌីជីថល និងចូលរួមផ្តល់ធាតុចូលនានា ដើម្បីពង្រឹងការអនុវត្តក្របខណ្ឌបទប្បញ្ញត្តិ សំដៅជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព។


