ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ធនាគារ គូកមីន នៃប្រទេសកូរ៉េខាងត្បូង ដែលជាក្រុមហ៊ុនមេរបស់ធនាគារ ខេប៊ី ប្រាសាក់ ម.ក ដឹកនាំដោយលោក Lee Hwan Ju ប្រធាននាយកប្រតិបត្តិធនាគារ គូកមីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
២០ តុលា ២០២៥

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ធនាគារ គូកមីន នៃប្រទេសកូរ៉េខាងត្បូង ដែលជាក្រុមហ៊ុនមេរបស់ធនាគារ ខេប៊ី ប្រាសាក់ ម.ក ដឹកនាំដោយលោក Lee Hwan Ju ប្រធាននាយកប្រតិបត្តិធនាគារ គូកមីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

ក្នុងជំនួបនេះ លោក Lee បានជម្រាបជូនពីការតាំងចិត្តរបស់លោកក្នុងដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ និងបានលើកឡើងពីសារៈសំខាន់នៃការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយអំពីសក្តានុពលរបស់កម្ពុជាដើម្បីបញ្ចៀសការយល់ច្រឡំនានា។ លោកបានសង្កត់ធ្ងន់ថា កម្ពុជាមានបរិយាកាសវិនិយោគអំណោយផល ដែលបានធ្វើឱ្យម្ចាស់ភាគហ៊ុនរបស់ធនាគារគូកមីន មានទំនុកចិត្ត និងសម្រេចចិត្តពង្រឹងការវិនិយោគនៅកម្ពុជាថែមទៀត តាមរយៈការបន្តគាំទ្រដល់ ធនាគារខេប៊ី ប្រាសាក់ ម.ក ដែលជាបុត្រសម្ព័ន្ធ។ លោកក៏បានមានប្រសាសន៍ពីការតាំងចិត្តក្នុងការធ្វើឱ្យការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជាក្លាយជាគំរូមួយដើម្បីបង្ហាញដល់វិនិយោគិនកូរ៉េផ្សេងទៀតអំពីបទពិសោធជោគជ័យក្នុងការវិនិយោគនៅកម្ពុជាផងដែរ។ លើសពីនេះ លោកក៏បានបង្ហាញចំណាប់អារម្មណ៍ពីការរៀបចំបានយ៉ាងល្អនៃដំណើរការសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) និងបានលើកសសើរអំពីដំណើរដ៏វែងឆ្ងាយនៃប្រវត្តិរូបិយវត្ថុនៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះ លោកនឹងចុះពិនិត្យស្ថានភាពប្រតិបត្តិការរបស់ធនាគារខេប៊ី ប្រាសាក់ ម.ក តាមបណ្ដាខេត្តមួយចំនួនដើម្បីសិក្សាពីសក្តានុពលក្នុងការពង្រីកផលិតផលសេវាហិរញ្ញវត្ថុបន្ថែម។

ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះតំណាងភាគទុនិក ធនាគារ គូកមីន នៃប្រទេសកូរ៉េខាងត្បូង ដែលបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុកម្ពុជា ជាពិសេសការប្តេជ្ញាបន្តពង្រឹងការវិនិយោគបន្ថែមនៅកម្ពុជា។ លោកជំទាវក៏បានមានប្រសាសន៍ពីការវិវត្តនៃការរៀបចំវិធានការនានា និងបញ្ជាក់ពីការផ្តល់កិច្ចសហការ សំដៅផ្តល់ភាពអំណោយផលដល់ការធ្វើប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

នាឱកាសនេះ លោកជំទាវទេសាភិបាល និងលោកប្រធាននាយកប្រតិបត្តិ ក៏បានផ្លាស់ប្តូរទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុ ការពង្រឹងសន្តិសុខសាយប័រ និងកិច្ចសហការលើការអភិវឌ្ឍប្រព័ន្ធទូទាត់ឆ្លងដែនផងដែរ។