២០ តុលា ២០២៥
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Leong Wai Mun អគ្គនាយកធនាគារ ហុង លីអុង (ខេមបូឌា) ភីអិលស៊ី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
ក្នុងជំនួបនេះ លោក Leong Wai Mun បានជម្រាបជូនអំពីវឌ្ឍនភាពប្រតិបត្តិការរបស់ធនាគារ ហុង លីអុង ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ ហុង លីអុង ប៊ើហាដ នៅប្រទេសម៉ាឡេស៊ី និងបញ្ជាក់ពីឆន្ទៈពង្រីកប្រតិបត្តិការដើម្បីគាំទ្រសហគ្រាសនៅកម្ពុជាក្នុងវិស័យសក្តានុពលមួយចំនួនដូចជា ឧស្សាហកម្មកែច្នៃម្ហូបអាហារ កសិកម្ម និងផលិតផលកែច្នៃផ្សេងៗទៀត។ នាឱកាសនេះ លោកក៏បានជម្រាបជូនពីចំណាប់អារម្មណ៍វិនិយោគរបស់ក្រុមហ៊ុនរួមសម្ព័ន្ធនៅម៉ាឡេស៊ីដែលបានមកទស្សនកិច្ចកម្ពុជាដើម្បីស្វែងរកឱកាសវិនិយោគក្នុងវិស័យសុខាភិបាល និងវិស័យផ្សេងៗទៀតផងដែរ ព្រមទាំងលើកសសើរពីការវិវត្តវិជ្ជមាននៃហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសដំណើរការអាកាសយាន្ដដ្ឋានអន្តរជាតិតេជោ។
ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានសាទរចំពោះវឌ្ឍនភាពប្រតិបត្តិការរបស់ធនាគារនាពេលកន្លងមក និងលើកទឹកចិត្តឱ្យមានការពង្រីកប្រតិបត្តិការថែមទៀត។ បន្ថែមលើនេះ លោកជំទាវក៏មានប្រសាសន៍អំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងការវិវត្តនៃការរៀបចំបទប្បញ្ញត្តិមួយចំនួនដែលជួយដល់ការពង្រឹងភាពធន់នៃប្រព័ន្ធធនាគារថែមទៀត ព្រមទាំងជំរុញលើកទឹកចិត្តឱ្យមានការចូលរួមមតិយោបល់សម្រាប់ជាធាតុចូលដើម្បីពង្រឹងប្រសិទ្ធភាពអនុវត្តឱ្យកាន់តែគ្រប់ជ្រុងជ្រោយ។


