២៧ តុលា ២០២៥
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាធុរកិច្ចអាស៊ាន Bloomberg លើកទី៦ ក្រោមប្រធានបទ៖ “ផ្តោតលើកិច្ចការធនាគារកណ្តាល៖ អតិផរណា ភាពមានការងារធ្វើ និងរូបិយប័ណ្ណ” នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ក្នុងកិច្ចពិភាក្សានេះ លោកជំទាវបានមានប្រសាសន៍ពីការរក្សាបានស្ថិរភាពហិរញ្ញវត្ថុ និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការការពារសុចរិតភាពនៃប្រព័ន្ធហិរញ្ញវត្ថុ សំដៅបង្កើនទំនុកចិត្តរបស់វិនិយោគិន។ ទន្ទឹមនេះ លោកជំទាវក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការជាអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងបញ្ហាថ្មីៗជាសកល តួយ៉ាងដូចជាបទល្មើសឆបោកតាមអនឡាញជាដើម។
បន្ថែមលើនេះ លោកជំទាវក៏បានលើកឡើងពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងប្រទេសកម្ពុជាដែលបង្កើនភាពអំណោយផលដល់បរិយាកាសវិនិយោគ និងការពន្លឿនការធ្វើពិពិធកម្មផលិតផលនាំចេញ និងទីផ្សារនាំចេញ ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា ផងដែរ។


