១១ វិចិ្ឆកា ២០២៥
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាស្តីពី ស្ត្រីទូទាំងសកលលោកក្នុងសម័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Global Women in AI) នៅក្នុងវេទិកាជំនាញសម្រាប់អនាគត (Future Skills Forum) នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី។
ក្នុងកិច្ចពិភាក្សានេះ លោកជំទាវ បានមានប្រសាសន៍ថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដែលមានតម្រូវការកាន់តែទូលំទូលាយឡើងៗ និងចាំបាច់ត្រូវមានការចូលរួមពីអ្នកដឹកនាំជាស្ត្រីនៅទូទាំងសកលលោក ដើម្បីលើកកម្ពស់លទ្ធភាពទទួលបាន និងប្រើប្រាស់ទិន្នន័យដែលជាធនធានផ្តល់ដោយបច្ចេកវិទ្យានេះ។ ទន្ទឹមនេះ ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតទាមទារឱ្យការទទួលខុសត្រូវ តម្លាភាព និងតុល្យភាពនៃទិន្នន័យ។
លើសពីនេះ នៅពេលដែលស្ត្រីមានគោលបំណងក្នុងការប្រើប្រាស់ទិន្នន័យទាំងនោះច្បាស់លាស់ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតអាចជួយស្ត្រីក្នុងដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្តបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ផងដែរ ស្របពេលដែលបច្ចេកវិទ្យាឌីជីថលកំពុងរីកចម្រើននៅទូទាំងពិភពលោក។


