១២ វិចិ្ឆកា ២០២៥
ធនាគារជាតិនៃកម្ពុជា និង ក្រុមហ៊ុន TenPay Global បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយសក្តានុពល” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង លោក Daniel Hong អនុប្រធានក្រុមហ៊ុន Tencent Financial Technology ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន TenPay Global នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងព្រឹត្តិការណ៍បចេ្ចកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី។
អនុស្សរណៈយោគយល់នេះ មានគោលបំណងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និង ក្រុមហ៊ុន TenPay Global ដើម្បីធ្វើការរួមគ្នាក្នុងការជំរុញអន្តរប្រតិបត្តិការរវាងប្រព័ន្ធបាគង (KHQR) របស់ប្រទេសកម្ពុជា និងបណ្តាញទូទាត់ចល័ត Weixin Pay របស់ប្រទេសចិន សំដៅលើកកម្ពស់ការទូទាត់ឌីជីថលរវាងប្រទេសកម្ពុជា និងប្រទេសចិន ឱ្យកាន់តែទូលំទូលាយ និងឆាប់រហ័ស។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរនឹងសហការគ្នាអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយសក្តានុពល ព្រមទាំងជំរុញសមាហរណកម្មការទូទាត់ឆ្លងដែន និងផ្ទេរប្រាក់ឆ្លងដែន (ការផ្ទេរប្រាក់ចេញ និងការផ្ទេរប្រាក់ចូល) រវាងប្រទេសកម្ពុជា និងប្រទេសចិន។


