១២ វិចិ្ឆកា ២០២៥
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ដំណាក់កាលទី១៖ “កម្ពុជាស្កេន ឃ្យូអរកូតនៅក្នុងប្រទេសសិង្ហបុរី” នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសនៃព្រឹត្តិការណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី។
ការដាក់ឱ្យដំណើរការជាផ្លូវការនៃការទូទាត់ឆ្លងដែនតាមឃ្យូអរកូតនេះ នឹងផ្ដល់លទ្ធភាពឱ្យប្រជាជនកម្ពុជាដែលមានគណនីជាប្រាក់រៀល អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញនិងសេវា ងាយស្រួល រហ័ស និងសុវត្ថិភាព នៅពេលធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដោយប្រើប្រាស់កម្មវិធីទូទាត់បាគង ឬ កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលជាសមាជិកបាគង ដើម្បីស្កេនទូទាត់តាម RoamQR របស់ពាណិជ្ជករ SGQR នៅទូទាំងប្រទេសសិង្ហបុរី។


