ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាស្តីពី “កិច្ចសន្ទនាគោលនយោបាយសកល៖ ដំណើរឆ្ពោះទៅទសវត្សរ៍នៃការផ្លាស់ប្តូរ និងច្រករបៀងហិរញ្ញវត្ថុថ្មី” (The Global Policy Dialogue: Towards the Next Decade of Transformation and New Financial Corridors)
១២ វិចិ្ឆកា ២០២៥

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាស្តីពី “កិច្ចសន្ទនាគោលនយោបាយសកល៖ ដំណើរឆ្ពោះទៅទសវត្សរ៍នៃការផ្លាស់ប្តូរ និងច្រករបៀងហិរញ្ញវត្ថុថ្មី” (The Global Policy Dialogue: Towards the Next Decade of Transformation and New Financial Corridors) ក្នុងពិព័រណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី។

កិច្ចពិភាក្សានេះមានវត្តមានចូលរួមពីឯកឧត្តម Michael S. Barr សមាជិកក្រុមប្រឹក្សាភិបាល ធនាគារកណ្តាលសហរដ្ឋអាមេរិក ឯកឧត្តម Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្តាលម៉ាឡេស៊ី លោកស្រី Lucy Rigby KC MP លេខាធិការសេដ្ឋកិច្ចប្រចាំក្រសួងរតនាគារ និងអភិបាលក្រុងចក្រភពអង់គ្លេស និងលោកជំទាវ Soraya Hakuziyaremye ទេសាភិបាល ធនាគារកណ្តាលប្រទេសរវ៉ាន់ដា ព្រមទាំងមានការសម្របសម្រួលដោយលោក Tommaso Mancini-Griffoli អនុប្រធាននាយកដ្ឋានរូបិយវត្ថុនិងទីផ្សារមូលធន នៃមូលនិធិរូបិយវត្ថុអន្តរជាតិ។

ក្នុងកិច្ចពិភាក្សានេះ លោកជំទាវទេសាភិបាលបានលើកឡើងពីការវិវត្តនៃបញ្ញាសិប្បនិម្មិត(AI) និងសារៈសំខាន់នៃការធានាបានការច្នៃប្រឌិតផ្នែកហិរញ្ញវត្ថុដែលមានការទទួលខុសត្រូវ សំដៅរក្សាបានតុល្យភាពរវាងនវានុវត្តន៍ និងស្ថិរភាពហិរញ្ញវត្ថុ។

គួររំលេចថា ពិព័រណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី គឺជាវេទិកាសកលដែលមានការចូលរួមពីអ្នករៀបចំគោលនយោបាយ អ្នកស្រាវជ្រាវ និងអ្នកដឹកនាំក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីចែករំលែកចំណេះដឹង និងសហការរួមគ្នាក្នុងការបង្កើតប្រព័ន្ធហិរញ្ញវត្ថុឌីជីថលដែលមានសុវត្ថិភាព និងបរិយាបន្ន។