២៣ វិចិ្ឆកា ២០២៥
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង នៅអនុវិទ្យាល័យ ហ៊ុន សែន ព្រៃក្តី នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ផ្លូវបេតុងថ្មីដែលមានទទឹងប្រវែង ៤,៦ ម៉ែត្រ និងបណ្តោយប្រវែង ១៦០ម៉ែត្រនេះ បង្ហាញពីការចូលរួមចំណែករបស់ថ្នាក់ដឹកនាំ និងមន្រ្តីធនាគារជាតិនៃកម្ពុជា ក្នុងការលើកស្ទួយវិស័យអប់រំកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចជាតិ ឱ្យស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍។ ការសាងសង់អគារសិក្សា និងប្រព័ន្ធផ្លូវនានាទាំងក្នុងនិងនៅជុំវិញបរិវេណសាលារៀន គឺជាផ្នែកមួយនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធអប់រំ ដែលរឹតតែផ្ដល់ភាពងាយស្រួល និងបង្កឱ្យមានបរិយាកាសសុវត្ថិភាព និងផាសុកភាពដល់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូ-អ្នកគ្រូ។
បន្ថែមលើនេះ លោកជំទាវទេសាភិបាល បានលើកទឹកចិត្តឱ្យឳពុកម្តាយ ក៏ដូចជាអាណាព្យាបាលបញ្ជូនកូនមកសាលារៀន ជួយបង្កលក្ខណៈងាយស្រួលឱ្យកូនៗ ទាំងកូនប្រុស និងកូនស្រីទទួលបានការសិក្សាអប់រំឱ្យបានពេញលេញ ដើម្បីចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិកម្ពុជា ព្រមទាំងលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។ លោកជំទាវក៏បាន លើកទឹកចិត្តសិស្សានុសិស្សទាំងអស់ឱ្យខិតខំរៀនសូត្រ ចាប់យកចំណេះដឹងជាប់ជាប្រចាំ ដូចពាក្យចាស់ពោលថា នឿយមុន ស្រណុកក្រោយ ដើម្បីជាការតបស្នងដល់ការខិតខំរបស់ឳពុកម្តាយ និងអាណាព្យាបាលផងដែរ។


