២៤ វិចិ្ឆកា ២០២៥
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលអគារបន្ទប់ទឹកស្អាត នៅក្នុងសាលាបឋមសិក្សាតាំងក្រសាំង នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
សំណង់អគារបន្ទប់ទឹកដ៏ស្អាតនិងមានសោភ័ណភាពនេះ ត្រូវបានរចនាឡើងដោយគិតគូរគ្រប់ជ្រុងជ្រោយពីពន្លឺ ខ្យល់ អនាម័យ និងភាពងាយស្រួលសម្រាប់ប្រើប្រាស់ ព្រមទាំងចែកដាច់ដោយឡែករវាងបន្ទប់ទឹកសម្រាប់សិស្សស្រី សិស្សប្រុស និងសិស្សមានពិការភាព។ នាឱកាសនោះ លោកជំទាវ បានមានប្រសាសន៍ពីសារៈសំខាន់នៃការទទួលបានទឹកស្អាត និងសេវាអនាម័យល្អ ព្រមទាំងបានអំពាវនាវឱ្យមានការចូលរួមថែរក្សាបន្ទប់ទឹកនេះឱ្យគង់វង្សយូរអង្វែង ដើម្បីកសាងការជឿជាក់ដល់ម្ចាស់ជំនួយ សំដៅជំរុញលើកទឹកចិត្តឱ្យមានការបន្តជួយសាងសង់អគារទាំងនេះនៅតាមគ្រឹះស្ថានសិក្សា និងសហគមន៍ផ្សេងៗទៀត។
គួររំលេចថា អគារបន្ទប់ទឹកដ៏ស្អាតនៅសាលាបឋមសិក្សាតាំងក្រសាំងនេះ ត្រូវបានសាងសង់ក្រោមគំនិតផ្តួចផ្តើម និងមូលនិធិរបស់ ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក ដោយមានកិច្ចសម្របសម្រួលពីអង្គការរក្សាកុមារ។


