ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Tania Meyer ប្រធានគ្រប់គ្រង ធនាគារពិភពលោកប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
២៥ វិចិ្ឆកា ២០២៥

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Tania Meyer ប្រធានគ្រប់គ្រង ធនាគារពិភពលោកប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

ក្នុងជំនួបនេះ លោកជំទាវទេសាភិបាល និងលោកស្រី Tania បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នទាំងពីរនាពេលកន្លងមក។ ជាក់ស្តែង ធនាគារពិភពលោកបាននិងកំពុងផ្តល់ជំនួយបច្ចេកទេសសំខាន់ៗមួយចំនួនដល់ធនាគារជាតិនៃកម្ពុជាដូចជា ការរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពគ្រប់គ្រងទុនបម្រុងអន្តរជាតិ ក្របខ័ណ្ឌគ្រប់គ្រងនិងបង្ការវិបត្តិ ប្រព័ន្ធធានារ៉ាប់រងលើប្រាក់បញ្ញើ និងបច្ចេកវិទ្យាជាដើម។ លោកស្រី Tania ក៏បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលធនាគារជាតិនៃកម្ពុជាសម្រេចបាន ដូចជា ការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ និងស្ថិរភាពថ្លៃ ភាពរឹងមាំនៃប្រព័ន្ធធនាគារ និងការរីកចម្រើននៃប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា។ ក្នុងន័យនេះ លោកស្រី បានលើកទឹកចិត្តឱ្យធនាគារជាតិនៃកម្ពុជាបន្តជួយចែករំលែកបទពិសោធជោគជ័យលើការអភិវឌ្ឍប្រព័ន្ធទូទាត់ ក៏ដូចជាសមិទ្ធផលផ្សេងទៀតទៅកាន់ប្រទេសផ្សេងៗផងដែរ។

ជាការឆ្លើយតប លោកជំទាវទេសាភិបាលបានមានប្រសាសន៍ពីការចែករំលែកបទពិសោធនៃការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលកម្ពុជា ការគ្រប់គ្រងទុនបម្រុងអន្តរជាតិ និងការត្រួតពិនិត្យប្រព័ន្ធធនាគារ ទៅកាន់បណ្តាប្រទេសនានាទាំងក្នុងតំបន់ និងពិភពលោកនាពេលកន្លងមក។ បន្ថែមលើនេះ លោកជំទាវក៏បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាតែងទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់គណៈប្រតិភូជាន់ខ្ពស់នៃធនាគារកណ្តាលនានាមកកាន់កម្ពុជាក្នុងគោលបំណងស្វែងយល់ពីដំណើរការអភិវឌ្ឍប្រព័ន្ធទូទាត់នៅកម្ពុជា។

លើសពីនេះ លោកជំទាវទេសាភិបាល និងលោកស្រី Tania បានផ្លាស់ប្តូរទស្សនាទានអំពីការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបញ្ហាប្រឈមដែលកំពុងជួបប្រទះដោយសារកត្តាខាងក្រៅមួយចំនួន។ លោកជំទាវទេសាភិបាលក៏បានលើកឡើងពីអត្ថប្រយោជន៍នៃការរីកចម្រើននៃបច្ចេកវិទ្យា និងហានិភ័យពាក់ព័ន្ធ ជាពិសេស ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត AI បញ្ហាសាយប័រ និងអនឡាញស្កេម ដែលទាមទារឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធដើម្បីពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។