ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា បានចុះអនុស្សរណៈយោគយល់ នៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ.)
០៩ ធ្នូ ២០២៥

ធនាគារជាតិនៃកម្ពុជា និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា បានចុះអនុស្សរណៈយោគយល់ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ.) ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកស្រី Kanni Wignaraja ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយិកាកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ហិរញ្ញវត្ថុប្រកបដោយចីរភាព និងបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះផ្តោតលើ i/- ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល តាមរយៈការជំរុញការបើកបៀរវត្សជាប្រាក់រៀលទៅតាមដំណាក់កាល និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ii/- ការលើកកម្ពស់ហិរញ្ញប្បទានលើការប្រែប្រួលអាកាសធាតុ និងហិរញ្ញវត្ថុប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍ និងអនុវត្តប្រព័ន្ធវដ្តករសាស្រ្តសម្រាប់ ហិរញ្ញវត្ថុប្រកបដោយចីរភាព និងគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច និង iii/- ការដាក់ឱ្យប្រើប្រាស់ផ្លែតហ្វម Universal Trusted Credentials (UTC) ដែលជាកម្មវិធីបញ្ជាក់អត្តសញ្ញាណឌីជីថលរបស់សហគ្រាស ដោយពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យអាជ្ញាធរ ដើម្បីឱ្យគ្រឹះស្ថានហិរញ្ញវត្ថុអាចវាយតម្លៃសមត្ថភាពទូទាត់សងកាន់តែមានប្រសិទ្ធភាព និងលើកកម្ពស់ការទទួលបានហិរញ្ញប្បទានដែលមានការប្រាក់សមរម្យសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)។

 

គណៈប្រតិភូក៏បានអញ្ជើញទស្សនា សារមន្ទីរ ស.ស.រ. និងបានស្វែងយល់ពីប្រវត្តិសាស្ត្រសេដ្ឋកិច្ច និងរូបិយវត្ថុនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។