ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូធនាគារកណ្តាលចិន សាខាតំបន់ស្វយ័តក្វាងស៊ី ដឹកនាំដោយលោកប្រធាន Chen Jinxiang ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
០៩ ធ្នូ ២០២៥

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូធនាគារកណ្តាលចិន សាខាតំបន់ស្វយ័តក្វាងស៊ី ដឹកនាំដោយលោកប្រធាន Chen Jinxiang ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

គោលបំណងនៃជំនួបនេះគឺដើម្បីលើកកម្ពស់កិច្ចសហការទ្វេភាគីឱ្យកាន់តែរឹងមាំថែមទៀត និងពង្រឹងភាពជាដៃគូយូរអង្វែងរវាងធនាគារកណ្ដាលទាំងពីរ។ កិច្ចពិភាក្សាបានផ្តោតលើប្រធានបទសំខាន់ៗដូចជា ការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន នវានុវត្តន៍ហិរញ្ញវត្ថុ និងការស្វែងរកកិច្ចសហការថ្មីៗថែមទៀត។ ក្នុងជំនួបនេះ លោកប្រធាន Chen Jinxiang បានលើកសសើរពីការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសការដាក់ឱ្យដំណើរការអាកាសយាន្ដដ្ឋានអន្តរជាតិតេជោ។ លោកបានសាទរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អជាមួយធនាគារជាតិនៃកម្ពុជា នាពេលកន្លងមក និងបានជម្រាបជូនពីគោលបំណងពង្រីកកិច្ចសហការថែមទៀតពាក់ព័ន្ធនឹងការចែករំលែកព័ត៌មានឥណទាន។

ជាការឆ្លើយតប លោកជំទាវ ទេសាភិបាល បានស្វាគមន៍ចំពោះគម្រោងពង្រីកកិច្ចសហការនេះ និងបានមានប្រសាសន៍ពីវឌ្ឍនភាពនៃកិច្ចសហការពាក់ព័ន្ធនឹងការចែករំលែកព័ត៌មានឥណទាន ដែលកម្ពុជាសម្រេចបានជាមួយប្រទេសជាដៃគូសក្តានុពល។ បន្ថែមលើនេះ លោកជំទាវក៏បានថ្លែងអំណរគុណដល់ធនាគារកណ្តាលចិន សាខាតំបន់ស្វយ័តក្វាងស៊ី ដែលបានគាំទ្រដល់ការដាក់បញ្ចូលប្រាក់រៀលក្នុងតារាងជួញដូររូបិយប័ណ្ណនៅតំបន់ស្វយ័តក្វាងស៊ី ការជំរុញការប្រើប្រាស់រូបិយវត្ថុជាតិរៀងខ្លួនក្នុងការដោះដូរពាណិជ្ជកម្មទ្វេភាគី និងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន។

បន្ទាប់ពីជំនួបនេះ លោកជំទាវក៏បានអនុញ្ញាតឱ្យគណៈប្រតិភូជួបពិភាក្សាលម្អិតជាមួយក្រុមការងារធនាគារជាតិនៃកម្ពុជា លើប្រធានបទសំខាន់ៗមួយចំនួនផងដែរ។