ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះអនុស្សរណៈយោគយល់ ស្តីពី កិច្ចសហប្រតិបត្តិការលើការជំរុញបរិវត្តកម្មឌីជីថល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ /គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់
១០ ធ្នូ ២០២៥

ធនាគារជាតិនៃកម្ពុជា និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះអនុស្សរណៈយោគយល់ ស្តីពី កិច្ចសហប្រតិបត្តិការលើការជំរុញបរិវត្តកម្មឌីជីថល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ /គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ។

តាមរយៈអនុស្សរណៈនេះ ធនាគារជាតិនៃកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត នឹងមានមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការពង្រឹងសុវត្ថិភាពនៃព័ត៌មានអត្តសញ្ញាណអតិថិជន បានកាន់តែមានប្រសិទ្ធភាពជាងមុនសំដៅ ១) ទប់ស្កាត់ បទល្មើសឆបោក ដោយបន្លំអត្តសញ្ញាណ និង ២) ជំរុញការធ្វើបរិវត្តកម្ម និងនវានុវត្តន៍ឌីជីថលក្នុងវិស័យធនាគារ និង វិស័យ ទូរគមនាគមន៍ក្នុងការគាំទ្រសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។