ព័ត៌មាន
ធនាគារជាតិនៃកម្ពុជាបានរៀបចំកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ២០២៥ ជាមួយធនាគារកណ្តាលឡាវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Bounkham Vorachit ទេសាភិបាល ធនាគារកណ្តាលឡាវ
១៩ ធ្នូ ២០២៥

ធនាគារជាតិនៃកម្ពុជាបានរៀបចំកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ២០២៥ ជាមួយធនាគារកណ្តាលឡាវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Bounkham Vorachit ទេសាភិបាល ធនាគារកណ្តាលឡាវ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ សំដៅអភិវឌ្ឍវិស័យធនាគារនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារកណ្តាលទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់ពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ការអនុវត្តនយោបាយរូបិយវត្ថុ វឌ្ឍនភាពនៃវិស័យធនាគារ និងការគ្រប់គ្រងអត្រាប្តូរប្រាក់នៃប្រទេសទាំងពីរ។ បន្ថែមលើនេះ ភាគីទាំងពីរបានពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមក ជាពិសេសវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃការប្រើប្រាស់ប្រព័ន្ធទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរ និងគម្រោងអាទិភាពសម្រាប់បន្តកិច្ចសហប្រតិបត្តិការនាឆ្នាំខាងមុខ។

បន្ទាប់ពីកិច្ចប្រជុំនេះ លោកជំទាវ ទេសាភិបាល នៃធនាគារកណ្ដាលទាំងពីរ បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដំណាក់កាលទី២ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងពិធីចុះអនុស្សរណៈយោគយល់ដើម្បីលើកកម្ពស់កិច្ចសហការរវាង ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី) និង ក្រុមហ៊ុន Lao Credit Information Company (LCIC) ផងដែរ។