១៩ ធ្នូ ២០២៥
ធនាគារជាតិនៃកម្ពុជានិងធនាគារកណ្ដាលឡាវ បានរៀបចំពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ដំណាក់កាលទី២៖ ឡាវស្កេនខេអេចឃ្យូអរកូត) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង លោកជំទាវ Bounkham Vorachit ទេសាភិបាល ធនាគារកណ្ដាលឡាវ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
តាមរយៈការដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនតាមឃ្យូអកូតដំណាក់កាលទី២នេះ ប្រជាជនឡាវដែលធ្វើដំណើរមកប្រទេសកម្ពុជា អាចប្រើកម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅប្រទេសឡាវដើម្បីធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញនិងសេវាឱ្យអាជីវករនៅទូទាំងប្រទេសកម្ពុជា ដោយស្កេនខេអេចឃ្យូអរកូត (KHQR Codes) បានយ៉ាងងាយស្រួល ដោយពុំចាំបាច់យកក្រដាសប្រាក់តាមខ្លួន ឬប្តូររូបិយប័ណ្ណឡើយ។


