១៤ មករា ២០២៦
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់នៃធនាគារកណ្តាលប៉ាពូញូហ្គីណេ ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដឹកនាំដោយលោកជំទាវទេសាភិបាល Elizabeth Genia នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ គោលបំណងនៃទស្សនកិច្ចនេះគឺដើម្បីសិក្សាស្វែងយល់ពីបទពិសោធនៃការគ្រប់គ្រងប្រព័ន្ធធនាគារកម្ពុជា ការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថល និងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។
ក្នុងជំនួបនេះ លោកជំទាវទេសាភិបាល Elizabeth Genia បានថ្លែងអំណរគុណចំពោះការទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនៅកម្ពុជា និងបានលើកសរសើរពីការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា ដែលជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់។ លោកជំទាវបានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការលើកកម្ពស់ប្រព័ន្ធទូទាត់អន្តរធនាគារ ដូចដែលកម្ពុជាសម្រេចបានយ៉ាងជោគជ័យ និងសារៈសំខាន់នៃការទទួលបានកិច្ចសហការចែករំលែកបទពិសោធគន្លឹះល្អៗពីធនាគារជាតិនៃកម្ពុជា។
នាឱកាសនេះ លោកជំទាវបណ្ឌិត ជា សិរី បានបង្ហាញការស្វាគមន៍ និងជម្រាបជូនពីការទទួលបានដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបណ្តាធនាគារកណ្តាលជាច្រើននាពេលកន្លងមក។ លោកជំទាវបានមានប្រសាសន៍ពីវឌ្ឍនភាពល្អប្រសើរពាក់ព័ន្ធនឹងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ បន្ទាប់ពីការដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់អន្តរធនាគារ ដែលបានធ្វើឱ្យស្ថាប័នអន្តរជាតិនានាផ្តល់ការវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុក្នុងការសម្រួលដល់ការរស់នៅប្រចាំថ្ងៃនិងការធ្វើអាជីវកម្ម។
ជារួម ភាគីទាំងពីរបានឯកភាពលើការបន្តលើកកម្ពស់កិច្ចសហការឱ្យបានកាន់តែប្រសើរថែមទៀត។ បន្ទាប់ពីជំនួបនេះ គណៈប្រតិភូធនាគារកណ្តាលប៉ាពូញូហ្គីណេ ក៏បានទៅទស្សនាសារមន្ទីរព្រះស្រីឦសានវរ្ម័ន ដែលបង្ហាញពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុកម្ពុជាតាំងពីសតវត្សរ៍ទី១ រហូតមកទល់បច្ចុប្បន្ន ផងដែរ។


