ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃ អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដឹកនាំដោយលោកប្រធាន Yasuto Watanabe
២២ មករា ២០២៦

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃ អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដឹកនាំដោយលោកប្រធាន Yasuto Watanabe នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

ក្នុងជំនួបនេះ លោកជំទាវទេសាភិបាល និងលោកប្រធានបានផ្លាស់ប្តូរទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជានិងកត្តាប្រឈម ការអភិវឌ្ឍប្រព័ន្ធទូទាត់កម្ពុជា និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតជាដើម។

លោកប្រធាន Yasuto បានលើកសរសើរពីវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា ដោយបញ្ជាក់ថាមានប្រទេសជាច្រើនបានយកជាគំរូសម្រាប់ធ្វើការអភិវឌ្ឍប្រព័ន្ធទូទាត់ និងបានបញ្ជាក់ពីឆន្ទៈក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយធនាគារជាតិនៃកម្ពុជាឱ្យបានកាន់តែប្រសើរថែមទៀត។

ជាការឆ្លើយតប លោកជំទាវបានមានប្រសាសន៍ពីកិច្ចសហការល្អរវាងភាគីទាំងពីរនាពេលកន្លងមក និងបានថ្លែងអំណរគុណ AMRO ដែលបានគាំទ្រដល់ការលើកកម្ពស់សមត្ថភាពមន្រ្តី-បុគ្គលិក ធនាគារជាតិនៃកម្ពុជា។ លោកជំទាវក៏បានលើកឡើងពីការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ និងការអភិវឌ្ឍមុខងារប្រកបដោយនវានុវត្តន៍ ដែលផ្តល់ភាពអំណោយផលដល់ការលើកកម្ពស់ប្រាក់រៀលនិងបរិយាបន្នហិរញ្ញវត្ថុ។

ពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ច ភាគីទាំងពីរបានកត់សម្គាល់ពីនិន្នាការវិជ្ជមាននៃកំណើនការនាំចេញរបស់កម្ពុជា ដោយមានផលិតផលកាន់តែសម្បូរបែប និងទីផ្សារកាន់តែច្រើនឡើង បើទោះបីជាវិស័យសំណង់និងអចលនទ្រព្យនៅមិនទាន់រឹងមាំក្តី។