១១ ធ្នូ ២០១៤
កាលពីថ្ងៃទី១១-១៣ ខែធ្នូ ឆ្នាំ២០១៤ គណៈប្រតិភូនៃធនាគារជាតិនៃកម្ពុជា ដឹកនាំដោយ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងគណៈប្រតិភូនៃធនាគារកណ្តាលឡាវ ដឹកនាំដោយ ឯកឧត្តម Somphao Phaysith ទេសាភិបាលធនាគារកណ្តាលឡាវ បានជួបប្រជុំទ្វេភាគីប្រចាំឆ្នាំនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជា-មានិតឡាវ ។ កិច្ចប្រជុំទ្វេភាគីនេះ បានចាប់ធ្វើឡើងតាំងពីឆ្នាំ២០១០ ហើយមានគោលបំណងដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីឱ្យកាន់តែជិតស្និទ្ធ រវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលឡាវ និងប្រជាជនទាំងពីរដែលមានតាំងពីយូរលង់ណាស់មកហើយ ។
គណៈប្រតិភូទាំងពីរបានធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ស្តីពី វឌ្ឍនភាពថ្មីៗ បញ្ហាប្រឈម និងដំណោះស្រាយ ទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច និងការត្រួតពិនិត្យធនាគាររបស់ធនាគារកណ្តាលទាំងពីរ ។ អង្គប្រជុំក៏បានស្វែងរកផងដែរនូវលទ្ធភាពដែលស្ថាប័នទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការ ព្រមទាំងចែករំលែកចំណេះដឹង និងបទពិសោធន៍ រវាងគ្នានិងគ្នា នាពេលអនាគត ។
ធនាគារកណ្តាលទាំងពីរ បានអបអរសាទរនឹងវឌ្ឍនភាពនៃវិស័យសេដ្ឋកិច្ចនិងធនាគារ នៅក្នុងប្រទេសទាំងពីរ និងបានកត់សម្គាល់នូវការរីកចម្រើនជាបន្តបន្ទាប់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីនារយៈពេលកន្លងមក ជាពិសេស នៅឆ្នាំ២០១៤ នេះ ។ គណៈប្រតិភូទាំងពីរបានប្តេជ្ញាពង្រឹងនិងពង្រីកជាប្រចាំនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ សំដៅរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុ ឱ្យបានរឹងមាំ ជាប្រយោជន៍ដល់ប្រទេសនិងប្រជាជនទាំងពីរ ដែលឋិតនៅភូមិផងរបងជាមួយ ។