ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី Yasmin Siddiqi និងសហការី ក្នុងឱកាសលោកស្រីត្រូវបានតែងតាំងជានាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា
០៥ កុម្ភៈ ២០២៦

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី Yasmin Siddiqi និងសហការី ក្នុងឱកាសលោកស្រីត្រូវបានតែងតាំងជានាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

ក្នុងជំនួបនេះ លោកជំទាវទេសាភិបាល និងលោកស្រីនាយិកាបានផ្លាស់ប្តូរទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជានិងកត្តាប្រឈម ការអភិវឌ្ឍប្រព័ន្ធទូទាត់កម្ពុជា និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតជាដើម។

លោកស្រី Yasmin Siddiqi បានលើកឡើងពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ព្រមទាំងវឌ្ឍនភាពដ៏ល្អប្រសើរលើការលើកកម្ពស់បរិយាបន្ននិងចំណេះដឹងហិរញ្ញវត្ថុ តាមរយៈការបញ្ចូលក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅ និងបានបញ្ជាក់ពីឆន្ទៈក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយធនាគារជាតិនៃកម្ពុជាឱ្យបានកាន់តែរឹងមាំថែមទៀត។

ជាការឆ្លើយតប លោកជំទាវទេសាភិបាលបានមានប្រសាសន៍ពីកិច្ចសហការល្អរវាងភាគីទាំងពីរនាពេលកន្លងមក និងបានថ្លែងអំណរគុណធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានគាំទ្រដល់ដំណើការរៀបចំប្រតិបត្តិការមជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ដំណើការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ២០២៦-២០៣០ និងសកម្មភាពពាក់ព័ន្ធនឹងចិរភាពហិរញ្ញវត្ថុ។