០៥ កុម្ភៈ ២០២៦
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី Keiko Miwa ប្រធានការិយាល័យតំបន់អាស៊ីនិរតីនិងប្រជុំកោះប៉ាស៊ីហ្វិក និងសហការី នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
លោកស្រី Keiko Miwa បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង IFC និងធនាគារជាតិនៃកម្ពុជា នាពេលកន្លងមក ព្រមទាំងការស្វែងយល់បន្ថែមពីវឌ្ឍនភាពនៃប្រព័ន្ធធនាគារនៅកម្ពុជា។ លោកស្រីក៏បានបន្ថែមថា IFC ត្រៀមខ្លួនក្នុងការសហការនានា ដើម្បីលើកកម្ពស់ដល់ការកសាងប្រព័ន្ធធនាគារនៅកម្ពុជាប្រកបដោយស្ថិរភាព និងសុវត្ថិភាព ស្របតាមស្តង់ដារអន្តរជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ជាការឆ្លើយតប លោកជំទាវទេសាភិបាលបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អរវាងភាគីទាំងពីរនាពេលកន្លងមក និងបានថ្លែងអំណរគុណ IFC ដែលបានគាំទ្រដល់ធនាគារជាតិនៃកម្ពុជា តាមរយៈការពង្រឹងសមត្ថភាព និងជំនួយបច្ចេកទេស ព្រមទាំងបានសើ្នសុំការគាំទ្របន្ថែមទៀតដល់ការរៀបចំយន្តការគ្រប់គ្រងគុណភាពឥណទាន ក៏ដូចផ្នែកទំនាក់ទំនងគោលនយោបាយផងដែរ។


