០៥ កុម្ភៈ ២០២៦
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដែលទើបត្រូវបានតែងតាំង និងសហការី នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
លោកស្រី Vladanka Andreeva បានបង្ហាញពីចំណាប់អារម្មណ៍លើការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា និងបានស្វែងយល់ពីបញ្ហាប្រឈម ព្រមទាំងបានសម្តែងការប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហការក្នុងការគាំទ្រសេដ្ឋកិច្ចកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់កម្រិតជីវភាពប្រជាជន និងកាត់បន្ថយភាពក្រីក្រ។ បន្ថែមលើនេះ លោកស្រីនឹងបន្តគាំទ្រធនាគារជាតិនៃកម្ពុជា តាមរយៈការចូលរួមជាមួយពហុភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាពង្រឹងបន្ថែមនូវកិច្ចការពារអតិថិជនក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។
ជាការឆ្លើយតប លោកជំទាវទេសាភិបាលបានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិដែលបានគាំទ្រធនាគារជាតិនៃកម្ពុជានាពេលកន្លងមក ព្រមទាំងបានសើ្នសុំការគាំទ្របន្ថែមទៀត ដើម្បីលើកកម្ពស់សុខមាលភាពប្រជាជន និងប្រព័ន្ធធនាគារប្រកបដោយចីរភាព។


