០២ មីនា ២០២៦
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ ធនាគារហត្ថា ដឹកនាំដោយលោក Kenichi Yamato តំណាងភាគទុនិក ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
គោលបំណងនៃជំនួបនេះគឺដើម្បីឱ្យគណៈប្រតិភូ ធនាគារ ហត្ថា បានជម្រាបជូនអំពីវឌ្ឍនភាពនៃប្រតិបត្តិការរបស់ធនាគារ ក៏ដូចជាផែនការអាជីវកម្មរបស់ធនាគារ ព្រមទាំងការធ្វើបច្ចុប្បន្នភាពប្រតិបត្តិការសាខា។
ក្នុងជំនួបនេះ លោក Kenichi បានជម្រាបជូនពីស្ថានភាពប្រតិបត្តិការរបស់ធនាគារ កត្តាប្រឈមមួយចំនួន និងផែនការប្រតិបត្តិការរយៈពេលវែង។ បន្ថែមលើនេះ លោកក៏បានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការប្រកាន់ខ្ជាប់នូវអនុលោមភាពស្របតាមបទប្បញ្ញាត្តិនានា និងអាទិភាពនៃការគ្រប់គ្រងប្រតិបត្តិការប្រកបដោយចីរភាព។
ជាការឆ្លើយតប លោកជំទាវទេសាភិបាលបានផ្តល់អនុសាសន៍មួយចំនួនទៅលើផែនការដែលបានលើកឡើង និងបានលើកទឹកចិត្តបន្តរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងរបស់ធនាគារផងដែរ។ លោកជំទាវក៏បានបញ្ជាក់អំពីសារៈសំខាន់នៃការរក្សាបានបណ្តាញសាខា និងធនធានមនុស្សគ្រប់គ្រាន់ ដើម្បីគាំទ្រដល់ផែនការនៃការធ្វើប្រតិបត្តិការរបស់ធនាគារ ស្របពេលដែលគ្រឹះស្ថានកំពុងធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា។


