១៩ ធ្នូ ២០១៤
កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យក្រុមបេសកកម្មការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដឹកនាំដោយលោក Yoichi Nemoto នាយកការិយាល័យ AMRO បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅធនាគារជាតិនៃកម្ពុជា ។ បេសកកម្មរបស់ការិយាល័យ AMRO ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីប្រមូលព័ត៌មាន ទិន្នន័យ និងមតិរបស់ក្រសួង-ស្ថាប័ន ទាំងសាធារណនិងឯកជន សម្រាប់រៀបចំរបាយការណ៍វិភាគ និងតាមដានស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់ប្រទេសជាសមាជិកអាស៊ាន+៣ ហើយនេះគឺជាលើកទី ៤ ដែលក្រុមបេសកកម្មបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ។
នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម ទេសាភិបាល បានជម្រាបជូនក្រុមបេសកកម្មពីការរីកចម្រើននៃវិស័យសេដ្ឋកិច្ចនិងធនាគារ នៅកម្ពុជាក្នុងឆ្នាំ២០១៤ នេះ ។ ក្រុមបេសកកម្មការិយាល័យ AMRO ក៏បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះវឌ្ឍនភាពដែលកម្ពុជាសម្រេចបាន ព្រមទាំងមានសុទិដ្ឋិនិយមចំពោះស្ថានភាពសេដ្ឋកិច្ច និងការអភិវឌ្ឍរីកចម្រើននៃវិស័យធនាគារនៅកម្ពុជានាពេលខាងមុខ ។