សេចក្តីប្រកាសព័ត៌មាន
​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ ពិធី​ប្រកាស​ផ្សព្វផ្សាយ​ លទ្ធផល​អង្កេត​ វិនិយោគ​ផ្ទាល់​បរទេស​ ឆ្នាំ​២០១៤​
២៨ កក្កដា ២០១៦

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ធនាគារជាតិនៃកម្ពុជា សហការ​ជាមួយវិទ្យាស្ថាន​ជាតិស្ថិតិ នៃក្រសួងផែនការ បានរៀបចំពិធីប្រកាសផ្សព្វផ្សាយ លទ្ធផល​អង្កេតវិនិយោគផ្ទាល់បរទេស ឆ្នាំ២០១៤​ នៅសណ្ឋាគារកាំបូឌីយ៉ាណា ។ ធនាគារជាតិនៃកម្ពុជា បានចុះហត្ថ-លេខាជាផ្លូវការជាមួយវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ លើកិច្ចព្រមព្រៀង ស្តីពី ការអង្កេតវិនិយោគផ្ទាល់បរទេស ឆ្នាំ២០១៤​ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៥ ។ ការចុះអង្កេតតាមក្រុមហ៊ុន រោងចក្រ សហគ្រាស បានចាប់ផ្តើមធ្វើឡើងក្នុងអំឡុងពេលពីខែកញ្ញា ឆ្នាំ២០១៥ រហូតដល់ ខែមករា ឆ្នាំ២០១៦ ។ ការអង្កេតនេះ មានសំណាកគំរូ ១២៤ ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្របដណ្តប់លើវិស័យវិនិយោគផ្ទាល់​បរទេស​​នៅកម្ពុជា ។

ពិធីប្រកាសផ្សព្វផ្សាយនេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិ​បាល​រង ធនាគារជាតិនៃកម្ពុជា ព្រមទាំងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនានារបស់រាជ​រដ្ឋាភិបាល វិស័យឯកជន មន្ត្រីធនាគារជាតិនៃកម្ពុជា មន្រ្តីវិទ្យាស្ថានជាតិស្ថិតិ​នៃក្រសួងផែនការ ព្រមទាំងស្ថាប័នអន្តរជាតិ ដៃគូអភិវឌ្ឍន៍ សភាពាណិជ្ជកកម្ម អ្នកស្រាវជ្រាវ ផងដែរ ។​

លទ្ធផលអង្កេតវិនិយោគផ្ទាល់បរទេសមានសារៈសំខាន់ណាស់ ចំពោះធនាគារជាតិនៃកម្ពុជា ក៏ដូចជា​ប្រទេស​កម្ពុជាទាំងមូល ផងដែរ ។ លទ្ធផលនេះ ត្រូវបានប្រើប្រាស់សម្រាប់ចងក្រងស្ថិតិជញ្ជីងទូទាត់ និង​ស្ថាន​ភាព​​វិនិយោគអន្តរជាតិរបស់កម្ពុជា និងជាធាតុចូលដ៏សំខាន់មួយក្នុងការកំណត់នូវ​គោលនយោ​​បាយ​​​សេដ្ឋកិច្ច ការរៀបចំផែនការអភិវឌ្ឍន៍​យុទ្ធសាស្រ្ត និងការសិក្សាស្រាវជ្រាវពាក់ព័ន្ធ​នឹងបញ្ហាសាកល​ភា​វូប-​​នី​យកម្ម​ ។ លើសពីនេះ ការធ្វើអង្កេតនេះបានផ្តល់នូវ​ឱកាសដ៏ល្អដល់មន្រ្តីជំនាញរបស់ធនាគារជាតិនៃកម្ពុជា និង​មន្ត្រី​​ជំនាញ​របស់​វិទ្យាស្ថានជាតិស្ថិតិ ដើម្បី​​​កសាងសមត្ថភាពធនធានមនុស្ស និងផ្តល់នូវកិច្ចសហប្រតិ-​​បត្តិការការយ៉ាងជិតស្និទ្ធិ និងផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែង និងចែករំលែកចំណេះដឹងគ្នាវិញទៅមក ។

មានបទបង្ហាញ​ចំនួនពីរដែលត្រូវបានធ្វើឡើងក្នុងពិធីប្រកាសផ្សព្វផ្សាយនេះ (១) បទបង្ហាញស្តីពី ដំណើរការ និង​វិធីសាស្ត្រអង្កេត ដោយផ្តោតសំខាន់ទៅលើ វិធីសាស្រ្តការជ្រើសរើស និងកំណត់សំណាក​​គំរូអង្កេត ការ​​​រៀបចំលិខិតរដ្ឋបាលផ្សេងៗពាក់ព័ន្ធ​នឹងការអង្កេត និងអំពីបញ្ហាប្រឈមក្នុងការធ្វើអង្កេតនេះ ដោយតំណាងពីវិទ្យាស្ថាន​ជាតិស្ថិតិ នៃក្រសួងផែនការ និង (២) បទបង្ហាញស្តីអំពី របកគំហើញនៃការធ្វើ​អង្កេតវិនិយោគផ្ទាល់បរទេស ឆ្នាំ២០១៤ ដោយផ្តោតជាពិសេសទៅលើលទ្ធផលដែលទទួលបានពីការអង្កេត និងការធ្វើការប៉ាន់ស្មានបំពេញបន្ថែម ដើម្បីធ្វើការកែតម្រូវបកក្រោយនូវទិន្នន័យវិនិយោគ​ផ្ទាល់​បរទេសដែលបាន​ចេញផ្សាយកន្លងមករហូតដល់ឆ្នាំ២០១០ ដោយតំណាងពីធនាគារជាតិនៃកម្ពុជា ។



ចុចត្រង់នេះទាញយកឯកសារ