១១ សីហា ២០១៦
កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជានិងមជ្ឈមណ្ឌលវិភាគនិងរាយការណ៍ប្រតិបត្តិការអូស្រ្ដាលី (AUSTRAC) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានហិរញ្ញវត្ថុពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលលើកទីពីរ ស្ដីពីការប្រឆាំងហិរញ្ញប្បទានភេរវកម្មប្រចាំតំបន់ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដែលមានសមាជិកចូលរួមចំនួន២៥ប្រទេសរួមទាំងអង្គការអន្តរជាតិជាច្រើន ។
ដោយយល់ឃើញពីអត្ថប្រយោជន៍នៃការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងមជ្ឈមណ្ឌលវិភាគនិងរាយការណ៍ប្រតិបត្តិការ អូស្រ្ដាលី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ក្នុងគោលបំណងពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិ នាពេលអនាគត និងកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការស្វែងរក ទប់ស្កាត់ និងលុបបំបាត់ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ។
ការចុះហត្ថលេខានៅពេលនេះ គឺជាលើកទី១១ ដែលអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាបានចុះអនុស្សរណៈនិងកិច្ចព្រមព្រៀងជាមួយភាគីបរទេស ។ នាពេលកន្លងមកអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាធ្លាប់ចុះអនុស្សរណៈជាមួយ ប្រទេសម៉ាឡេស៊ី បង់ក្លាដេស ស្រីលង្កា ជប៉ុន សាធារណរដ្ឋកូរ៉េ វៀតណាម ថៃ ឡាវ ឥណ្ឌូណេស៊ី និងសហព័ន្ធរុស្ស៊ី ។