២៣ សីហា ២០១៦
នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅសណ្ឋាគារសានវេ មានប្រារព្វពិធីបើកកិច្ចប្រជុំត្រៀមវាយ តម្លៃអញ្ញមញ្ញរបស់ ព្រះរាជាណាចក្រកម្ពុជាលើកទីពីរ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ។
កិច្ចប្រជុំនេះត្រូវបានរៀបចំដោយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា សហការជាមួយក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ស្តីពីការសម្អាតប្រាក់ (APG) ដែលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ក្នុងគោលបំណងពិភាក្សាអំពីដំណើរការ នៃការប្រឆាំង ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម នៅប្រទេសកម្ពុជា ។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាង ក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ មន្ត្រីអនុវត្តច្បាប់ និងតំណាងវិស័យឯកជន សរុបចំនួន ១០០ រូប ។
ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំនេះ ឯកឧត្តម ជា ចាន់តូ បានជម្រាបជូនអង្គប្រជុំអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារ របស់ រដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរៀបចំឲ្យមានយុទ្ធសាស្រ្តជាតិ ការពង្រឹងក្របខ័ណ្ឌគតិយុត្តិ និងយន្តការ អនុវត្តច្បាប់និងការពង្រឹង និងពង្រើកកិច្ចសហប្រតិបត្តិការ ទាំងក្នុងស្រុកនិងអន្តរជាតិលើការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម រហូតមាន ការទទួល ស្គាល់ពីក្រុមការងារហិរញ្ញវត្ថុ (FATF) និងបានធ្វើឲ្យប្រទេសកម្ពុជាយើងក្លាយជាសមាជិករបស់ក្រុម Egmont ថែមទៀត ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានបញ្ជាក់ បន្ថែមអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលបន្តការយកចិត្តទុកដាក់និងកិច្ចខិតខំប្រឹងប្រែង លើការងារកិច្ចសហការជាមួយ សហគមន៍អន្តរជាតិក្នុងការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ជាពិសេសជាមួយ APG ។
បន្ទាប់មក ឯកឧត្តម ជា ចាន់តូ ក៏បានស្នើឲ្យសមាជិកអង្គប្រជុំបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចតាមយុទ្ធសាស្រ្ត និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់សកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងផ្តល់កិច្ចសហការ ល្អដល់ក្រុមការងាររបស់ APG ដើម្បីឲ្យកិច្ចប្រជុំប្រព្រឹត្តទៅដោយជោគជ័យ ។