២៦ សីហា ២០១៦
រាជធានីភ្នំពេញ , ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៦
ទំនាក់ទំនង
ផ្នែកទំនាក់ទំនង
ទូរសព្ទ : (៨៥៥) ០២៣ ៩៩០ ១៩៦
អ៊ីម៉ែល : nbccommunication@nbc.org.kh
សេចក្តីប្រកាសព័ត៌មាន
កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល នៃធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដឹកនាំដោយ លោកស្រី បណ្ឌិត Junhong Chang ជាប្រធាន AMRO ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនៅក្នុងដំណើរទស្សនកិច្ចប្រចាំឆ្នាំរបស់ AMRO មកកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ ២៦ ខែសីហា ឆ្នាំ២០១៦ ។
ទស្សនកិច្ចប្រចាំឆ្នាំនេះ មានគោលបំណងជួបពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់ រាជរដ្ឋាភិបាល និងវិស័យឯកជននានា ដើម្បីធ្វើការវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយលើវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១៦ និងទស្សនវិស័យនារយៈពេលមធ្យមខាងមុខ ។ ក្នុងឱកាសនោះ ឯកឧត្តម ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានជម្រាបជូនក្រុមបេសកកម្មពីការរីកចម្រើនសេដ្ឋកិច្ចនិងវិស័យធនាគារដែលកន្លងមកបន្តសម្រេចបានល្អប្រសើរ ។ វិស័យធនាគារបានរួមចំណែកក្នុងការគាំទ្រនិងជំរុញ កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស វិស័យធនាគារក៏ប្រឈមនឹងហានិភ័យផងដែរ ។ ធនាគារជាតិនៃកម្ពុជាបានពង្រឹងការត្រួតពិនិត្យនិងបទប្បញ្ញតិ្ត ព្រមទាំងដាក់ចេញនូវវិធានការមីក្រូនិងម៉ាក្រូប្រុងប្រយ័ត្ននានា ស្របតាមការវិវឌ្ឍនៃស្ថានភាពទីផ្សារនិងស្តង់ដាអន្តរជាតិ ។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជារក្សាបានស្ថិរភាពអត្រាប្ដូរប្រាក់ និងស្ថិរភាពថ្លៃយ៉ាងល្អប្រសើរ ដែលរួមចំណែកក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំ ។
លោកស្រី បណ្ឌិត Junhong Chang បានសម្តែងសុទិដ្ឋិនិយមចំពោះស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា និងបានបង្ហាញពីការវាយតម្លៃលើសេដ្ឋកិច្ចកម្ពុជាថាមានកំណើនប្រមាណ ៦,៨% នៅឆ្នាំ២០១៦ ជាមួយ អត្រាអតិផរណាទាបប្រមាណ ៣% ។ លោកស្រី បានអបអរសាទរចំពោះការដាក់ចេញនូវវិធានការថ្មីៗរបស់ធនាគារជាតិនៃកម្ពុជាក្នុងការធានាបាននូវស្ថិរភាពវិស័យធនាគារ និងបានផ្តល់អនុសាសន៍មួយចំនួន សម្រាប់អនុវត្តនាពេលខាងមុខ ។ ភាគច្រើននៃអនុសាសន៍នេះ ធនាគារជាតិនៃកម្ពុជាបាននិងកំពុងរៀបចំ និងគ្រោងដាក់ឱ្យអនុវត្ត ជាពិសេសចំពោះវិធានការម៉ាក្រូប្រុងប្រយ័ត្នចាំបាច់នានា ដែលនឹងជួយគ្រប់គ្រង ហានិភ័យក្នុងប្រព័ន្ធធនាគារឱ្យកាន់តែមានប្រសិទ្ធភាព ។
ឯកឧត្តម ទេសាភិបាល ក៏បានថ្លែងអំណរគុណចំពោះការិយាល័យ AMRO ដែលបានបន្តជួយវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ចនិងវិស័យហិរញ្ញវត្ថុកម្ពុជាប្រចាំឆ្នាំ២០១៦ នេះ ជាពិសេសបានផ្តល់នូវអនុសាសន៍ចម្បងៗដើម្បីឱ្យកម្ពុជាធានាបានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងបានថ្លែងអំណរគុណ AMRO ដែលផ្តល់ឱកាសឱ្យមន្ត្រីធនាគារជាតិធ្វើជា Secondee នៅ AMRO ដើម្បីកសាងសមត្ថភាពជំនាញ ។ ឯកឧត្តម ក៏បានស្នើការិយាល័យ AMRO ឱ្យបន្តជួយរួមចំណែកក្នុងការពង្រឹងសមត្ថភាពមន្ត្រីធនាគារជាតិនៃកម្ពុជាបន្ថែមទៀត ។