៣០ សីហា ២០១៦
នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ១១:០០នាទី នៅធនាគារកណ្តាលចិន នាទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន មានរៀបចំពីធីចុះហត្ថលេខាលើអនុស្សរណៈ យោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានហិរញ្ញវត្ថុពាក់ព័ន្ធនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម រវាងមជ្ឈមណ្ឌលវិភាគនិងតាមដានការសម្អាតប្រាក់នៃសាធារណរដ្ឋប្រជាមានិតចិននិងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម GUO Qingping ទេសាភិបាលរងធនាគារប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន និង
លោកជំទាវ នាវ ច័ន្ទថានា ទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា។
ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ព្រមទាំងរឹតបន្តឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀតនោះ មជ្ឈមណ្ឌលវិភាគនិងតាមដានការសម្អាតប្រាក់នៃសាធារណរដ្ឋប្រជាមានិតចិន និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនេះឡើង ។ ការចុះហត្ថលេខានេះគឺផ្អែកលើស្មារតីនៃកិច្ចសហប្រតិបត្តិការខ្ពស់ និងមានផលប្រយោជន៍ទៅវិញទៅមកក្នុងក្របខ័ណ្ឌនៃច្បាប់ជាតិរបស់អាជ្ញាធរនីមួយៗ សំដៅចូលរួមក្នុងឆន្ទៈប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ ជាមួយសហគមន៍អន្តរជាតិក្នុងតំបន់ និងពិភពលោកទាំងមូល ក្នុងការស្វែងរក ទប់ស្កាត់ ការពារ និងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងផ្តល់ឱកាសឲ្យអង្គភាពទាំងពីរបានសិក្សាស្វែងយល់នូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ។
គណៈប្រតិភូទាំងពីរក៏បានជួបប្រជុំពិភាក្សាផ្លាស់ប្តូរយោបល់គ្នា អំពីវឌ្ឍនភាពនៃការប្រឆាំងការសម្អាតប្រាក់ និងផែនការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ដោយ ផ្តោតលើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពនិងការផ្តល់ជំនួយបច្ចេកទេសទៅវិញទៅមក ។