១១ វិចិ្ឆកា ២០១៦
កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងអគ្គនាយកដ្ឋានបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម នៅធនាគារជាតិនៃកម្ពុជា ។
ដើម្បីជាយន្តការក្នុងការអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងអគ្គនាយកដ្ឋានបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហការគ្នាទៅវិញទៅមកឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការស្វែងរក ទប់ស្កាត់ និងលុបបំបាត់ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ។
ការចុះហត្ថលេខានេះ គឺជាការចុះហត្ថលេខាលើកទី៨ ដែលអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាបានចុះអនុស្សរណៈជាមួយស្ថាប័នក្នុងស្រុក ។ នាពេលកន្លងមកអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាធ្លាប់ចុះអនុស្សរណៈជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ អគ្គនាយកដ្ឋានត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានពន្ធដារ ។