សេចក្តីប្រកាសព័ត៌មាន
សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សៀវភៅ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ "​តោះ​ !​ និយាយ​ពី​លុយ​"
២៨ កុម្ភៈ ២០១៧

​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​ ធនាគារជាតិ​នៃ​កម្ពុជា​ សហការ​ជាមួយ​   អង្គការ​ Good​ Return​ ប្រទេស​អូស្ត្រាលី​ បាន​ដាក់​រៀបចំ​កម្មវិធី​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សៀវភៅ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ “​តោះ​!​ និយាយ​ពី​លុយ​”​ ដែល​ចងក្រង​ឡើង​សម្រាប់​ផ្តល់​នូវ​ការ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​កុមារ​នៅ​កម្ពុជា​ដែល​មាន​អាយុ​ចាប់ពី​ ៨​ ដល់​ ១២​ឆ្នាំ​ ។​ 

​កម្មវិធី​នេះ​ត្រូវ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​សាលា​បឋម​សិក្សា​ភ្នំ​ដូនពេញ​ ក្រោម​អធិបតីភាព​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​ ដោយ​មានការ​ចូលរួម​ពី​លោក​បណ្ឌិត​ ម៉ុ​ក​ សា​រ៉ុ​ម​ អគ្គនាយករង​អប់រំ​ និង​ជា​តំណាង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ព្រមទាំង​មានការ​ចូលរួម​ពី​តំណាង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ ដៃគូ​អភិវឌ្ឍន៍​ លោកគ្រូ​ អ្នកគ្រូ​ និង​សិស្សានុសិស្ស​ សរុប​ប្រមាណ​ ៤០០​ នាក់​ ។​

​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សៀវភៅ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​នេះ​ គឺជា​ជំហាន​សំខាន់​ដំបូង​ ក្នុង​កិច្ចសហការ​រវាង​ធនាគារជាតិ​នៃ​កម្ពុជា​ ជាមួយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ក្នុង​ការ​បញ្ជ្រាប​ការ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ទៅ​ក្នុង​កម្មវិធី​សិក្សា​ទូទៅ​របស់​ក្រសួង​ ។​

​ថ្លែង​ក្នុង​កម្មវិធី​នេះ​  លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ “​ការ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ មាន​សារៈសំខាន់​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​ ព្រោះ​ការ​យល់​ច្បាស់​ពី​ផលិតផល​ហិរញ្ញវត្ថុ​ ការ​ជ្រើសរើស​ និង​ការ​ប្រើប្រាស់​ផលិតផល​ ទាំងនោះ​បាន​ត្រឹមត្រូវ​ អាច​ការពារ​អតិថិជន​ឱ្យ​ផុត​ពី​ការ​កេង​បន្លំ​ និង​បំណុល​វ័​ន្ត​ក​ ។​ លោក​ជំទាវ​ ទេសាភិបាល​រង​ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ រួម​មាន​ ដៃគូ​អភិវឌ្ឍន៍​ និង​វិស័យ​ឯកជន​ ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​ដំណើរការ​រៀបចំ​កម្មវិធី​នេះ​ និង​ជា​ពិសេស​ចំពោះ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដែល​បាន​អនុញ្ញាត​ផ្តល់​ទីតាំង​ឲ្យ​ធនាគារជាតិ​នៃ​កម្ពុជា​រៀបចំ​កម្មវិធី​នៅ​ថ្ងៃនេះ​ ។​

​ក្នុង​ខែមីនា​ ឆ្នាំ​២០១៦​ ធនាគារជាតិ​នៃ​កម្ពុជា​ សហការ​ជាមួយ​អង្គការ​ Good​ Return​ បាន​ចាប់ផ្តើម​យុទ្ធនាការ​បង្កើន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ដែល​មានឈ្មោះ​ថា​ “​តោះ​!​ និយាយ​ពី​លុយ​”​ ។​ យុទ្ធនាការ​នេះ​មាន​គោលបំណង​ផ្តល់​ការ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ តាម​រយៈ​ការ​ជំរុញ​និង​លើកទឹកចិត្ត​យុវជន​ឲ្យ​ពិភាក្សា​ពី​សារៈសំខាន់​នៃ​ការ​គ្រប់គ្រង​ប្រាក់​នៅ​ក្នុង​គ្រួសារ​ និង​ស្វែងរក​ព័ត៌មាន​បន្ថែម​សម្រាប់​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ត្រឹមត្រូវ​ក្នុង​ការ​ទទួលយក​សេវា​ហិរញ្ញវត្ថុ​ ។​

​ក្នុង​រយៈពេល​ ៣​ខែ​ ដំបូង​ យុទ្ធនាការ​នេះ​បាន​ផ្សព្វផ្សាយ​ទៅ​ដល់​ប្រជាពលរដ្ឋ​ កម្ពុជា​ប្រមាណ​ ១,៥​ លាន​នាក់​ តាម​រយៈ​ខ្សែ​វី​ដេ​អូ​អប់រំ​ខ្លីៗ​នៅ​លើ​ទូរទស្សន៍​និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ ការ​ផ្សាយ​តាម​វិទ្យុ​ ការ​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ វគ្គ​អប់រំ​ផ្សព្វផ្សាយ​នៅ​តាម​សាលារៀន​ និង​រោងចក្រ​ ។​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំងនោះ​ ប្រជាពលរដ្ឋ​ប្រមាណ​ ២៦.៨០០​ នាក់​ បាន​ពិភាក្សា​ពី​ខ្លឹមសារ​នៃ​យុទ្ធនាការ​នេះ​នៅ​ក្នុង​ចំណោម​គ្រួសារ​និង​មិត្តភក្តិ​របស់​គាត់​ ។​

លោក​ Shane​ Nichols​ នាយក​ប្រតិបត្តិ​អង្គការ​ Good​ Return​ មាន​ប្រសាសន៍​ថា​ “​យើង​ពិតជា​រំភើប​ចំពោះ​ជោគជ័យ​នៃ​យុទ្ធនាការ​នេះ​ ដោយ​តាម​រយៈ​ការ​ផលិត​សៀវភៅ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ផ្អែក​លើ​សាច់​រឿង​នៃ​ខ្សែ​វី​ដេ​អូ​ខ្លី​ទាំង​៦​ ។​ គោលបំណង​គឺ​ដើម្បី​ឲ្យ​សារ​អប់រំ​នៃ​យុទ្ធនាការ​នេះ​អាច​ទៅ​ដល់​អ្នក​ប្រើប្រាស់​ និង​ផ្តល់​នូវ​ការ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​សមត្ថភាព​មនុស្ស​វ័យក្មេង​”​  ។​

​រឿង​ទាំង​៦​នេះ​មាន​ភ្ជាប់​ដោយ​សំណួរ​ និង​ចម្លើយ​ ដែល​អាច​ប្រើប្រាស់​សម្រាប់​ការ​សិក្សា​ដោយ​ខ្លួនឯង​ និង​លើកទឹកចិត្ត​ដល់​យុវជន​និង​គ្រួសារ​របស់​គេ​ ក្នុង​ការ​ តថ្លៃ​ ជ្រើសរើស​ និង​ប្រើប្រាស់​ផលិតផល​ហិរញ្ញវត្ថុ​ ប្រកបដោយ​ការ​ទទួលខុសត្រូវ​និង​ការ​ទំនាក់ទំនង​ប្រកបដោយ​ប្រសិទ្ធភាព​រវាង​អ្នក​ប្រើប្រាស់​និង​អ្នក​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ ។​

​ការ​អភិវឌ្ឍ​នៃ​យុទ្ធនាការ​ “​តោះ​!​ និយាយ​ពី​លុយ​”​ ទទួល​បានការ​គាំទ្រ​ពី​អង្គការ​ World​ Edcuation​ Cambodia,​ អង្គការ​ English​ Family​ Foundation,​ គម្រោង​ Development​ Innovations​ ក្រោម​មូលនិធិ​ជំនួយ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)​ និង​ក្រុមហ៊ុនទូរស័ព្ទ​ SMART​ ។​ ការ​ផលិត​និង​បោះពុម្ព​សៀវភៅ​អប់រំ​ផ្នែក​ ហិរញ្ញវត្ថុ​ទទួល​បានការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ VISA​ ធនាគារពិភពលោក​ សាជី​វ​ម្ម​អន្តរជាតិ​(IFC)​ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ និង​ដៃគូ​ឧបត្ថម្ភ​ផ្សេងៗ​ទៀត​ ។​

​សម្រាប់​ព័ត៌មាន​បន្ថែម​នៃ​យុទ្ធនាការ​”​ តោះ​!​ និយាយ​ពី​លុយ​”​ សួ​ម​ចួ​ល​ទៅ​កាន់​ ៖​ 

Website:​ www.talkmoney.info
Facebook:​ www.facebook.com/talkmoneyinfo



ចុចត្រង់នេះទាញយកឯកសារ