សេចក្តីប្រកាសព័ត៌មាន
លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ ចូលរួម​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ស្តី​ពី​ “​ការ​ប្រើប្រាស់​ QR​ កូដ​ស្តង់ដារ​សម្រាប់​ការ​ទូទាត់​ឆ្លង​ដែន​រវាង​ ព្រះរាជាណាចក្រ​កម្ពុជា​និង​ព្រះរាជាណាចក្រ​ថៃ​”​
១៧ ធ្នូ ២០១៨

នៅព្រឹកថ្ងៃចន្ទ ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ ធនាគារជាតិនៃកម្ពុជាសហការជាមួយធនាគារ​កណ្តាល​​ថៃបានរៀបចំសិក្ខាសាលាស្តីពី “ការប្រើប្រាស់ QR កូដស្តង់ដារសម្រាប់​ការទូទាត់​ឆ្លងដែន​រវាង ព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់​លោកជំទាវ​​​​​ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។ សិក្ខាសាលា​នេះក៏មាន​ការ​ចូលរួម​ធ្វើ​បទបង្ហាញដោយវាគ្មិនមកពីធនាគារកណ្តាលថៃ​ និងសិក្ខាកាម​មកពីមន្រ្តី​ធនាគារជាតិនៃ​កម្ពុជា និងតំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ គោលបំណង នៃការរៀបចំសិក្ខា​សាលានេះ​គឺ​ដើម្បីផ្តល់ជាវេទិកាមួយក្នុង ការចែករំលែកការយល់ដឹង ពាក់ព័ន្ធ​នឹងការអភិវឌ្ឍQR កូដស្តង់ដារនិងការទូទាត់ឆ្លងដែនដោយប្រើប្រាស់​បច្ចេកវិទ្យា QR​ កូដស្តង់ដារជា ឌីជីថល ផ្លែតហ្វម។ ក្នុងឱកាសថ្លែងសុន្ទរកថា​បើកសិក្ខាសាលា លោកជំទាវ​ ទេសាភិបាលរង បានមាន​ប្រសាសន៍ថា ប្រព័ន្ធទូទាត់ជា​ហេដ្ឋារចនា​សម្ព័ន្ធហិរញ្ញវត្ថុយ៉ាងសំខាន់​ដែលរួមចំណែក​​​​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ទន្ទឹមនឹងនោះ​ការរីកចម្រើន​​នៃបច្ចេកវិទ្យាហិរញ្ញវត្ថុបានផ្តល់នូវឱកាស និង​អត្ថប្រយោជន៍ដល់គ្រឹះស្ថាន​ធនាគារ​ និងហិរញ្ញវត្ថុក្នុងការដាក់​ឱ្យប្រើប្រាស់សេវា​ និង​ឧបករណ៍​​ទូទាត់ថ្មីៗ ជាពិសេសការទូទាត់​ដោយ​​ប្រើប្រាស់ QR​ កូដស្តង់ដារ ដែលនឹង​រួមចំណែក​​លើកកម្ពស់សុវត្ថិភាព ប្រសិទ្ធភាព​ ព្រមទាំងជំរុញ​បរិយាប័ន្នហិរញ្ញវត្ថុ​និងការទូទាត់​​ឆ្លង​ប្រទេស។