សេចក្តីប្រកាសព័ត៌មាន
សេចក្ដី​ប្រកាស​ព័ត៌មាន​ ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ ​សម្រាប់​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ រវាង​ ​ធនាគារជាតិ​នៃ​កម្ពុជា​ និង​ ធនាគារកណ្តាល​មី​យ៉ា​ន់​ម៉ា​
២០ មករា ២០១៦

​នៅ​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៦​ ធនាគារជាតិ​នៃ​កម្ពុជា​និង​ធនាគារកណ្តាល​មី​យ៉ា​ន់​ម៉ា​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ធនាគារកណ្តាល​ទាំង​ពីរ​ ។​

​ ​ក្នុង​បរិការណ៍​សកលភាវូបនីយកម្ម​នៃ​ទីផ្សារ​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​បាន​កើនឡើង​ឥត​ឈប់​ឈរ​ ការ​ចុះហត្ថលេខា​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​រូបិយ​វត្ថុ​ទាំង​ពីរ​ ដើម្បី​លើកកម្ពស់​ការ​អភិវឌ្ឍ​នូវ​វិស័យ​ហិរញ្ញវត្ថុ​និង​ធនាគារ​កម្ពុជា​ ក៏​ដូច​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា​។​

​ ​តាម​រយៈ​អនុស្សរណៈ​យោគយល់​នេះ​ ស្ថាប័ន​ទាំង​ពីរ​មាន​គោលបំណង​បង្កើត​ជា​យន្តការ​នៃ​កិច្ច​សហប្រតិបត្តិការ​ សំដៅ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​របស់​កម្ពុជា​ និង​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា​ តាម​រយៈ​ ៖

•​ ​ការ​ផ្លាស់​ប្តូរ​គណៈប្រតិភូ​ដើម្បី​បំពេញ​ទស្សនកិច្ច​ និង​ចែករំលែក​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​រៀបចំ​ជា​សិក្ខាសាលា​ និង​ទស្សនកិច្ច​សិក្សា​ជា​ទៀងទាត់​ក្នុង​ប្រទេស​ទាំង​ពីរ​

•​ ​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ និង​បទ​ពិសោធន៍​នានា​ទាក់ទង​នឹង​ការ​អនុវត្ត​គោលនយោបាយ​រូបិយ​វត្ថុ​ ការ​គ្រប់គ្រង​អត្រា​ប្តូរ​ប្រាក់​ ប្រព័ន្ធ​ទូទាត់​ បទ​ប្បញ្ញត្តិ​និង​ការ​ត្រួតពិនិត្យ​ធនាគារពាណិជ្ជ​និង​ការ​គ្រប់គ្រង​ធនាគារកណ្តាល​ និង​

•​ ​ការ​គាំទ្រ​ដល់​ធនាគារពាណិជ្ជ​ក្នុង​ការ​បើក​ការិយាល័យ​តំណាង​ និង​ ​ឫ​ សាខា​ ដោយ​អនុលោម​តាម​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ក្នុង​ប្រទេស​រៀងខ្លួន​ ដើម្បី​សម្រួល​ដល់​ការ​ទូទាត់​ផ្នែក​ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​ ។​

​ ​ការ​ចុះ​អនុស្សរណៈ​នេះ​នឹង​ផ្តល់​ឱកាស​បន្ថែម​ទៀត​ដល់​ស្ថាប័ន​ទាំង​ពីរ​ក្នុង​ការ​បន្ត​ចែករំលែក​បទ​ពិសោធន៍​ ក៏​ដូច​ជា​រឹង​ចំណងមិត្តភាព​ ព្រមទាំង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ ដើម្បី​បន្ត​ពង្រឹង​ស្ថិរភាព​ប្រព័ន្ធ​ធនាគារ​សំដៅ​គាំទ្រ​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ​និង​ម៉ាក្រូសេដ្ឋកិច្ច​ ។​ ​