សេចក្តីប្រកាសព័ត៌មាន
សេចក្តី​ប្រកាស​ព័ត៌មាន​រួម​រវាង​ធនាគារជាតិ​នៃ​កម្ពុជា​ និង​អង្គការ​ Good​ Return​ អូស្ត្រាលី​ ស្តី​ពី​ការ​ដាក់​ឱ្យ​ដំណើរការ​យុទ្ធនាការ​ “​តោះ​!​ និយាយ​ពី​ លុយ​”​
១៧ មីនា ២០១៦

យុទ្ធនាការថ្មីដើម្បីជំរុញការ លើកកម្ពស់សិទ្ធិអ្នកប្រើប្រាស់នៅកម្ពុជា

ភ្នំពេញ, ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ - កាលពីម្សិលមិញ ធនាគារជាតិនៃកម្ពុជាសហការជាមួយអង្គការ Good Return អូស្ត្រាលី បានដាក់ឱ្យដំណើរការនូវយុទ្ធនាការ “តោះ! និយាយពីលុយ” ។ យុទ្ធនាការនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងជំរុញឱ្យមានការផ្លាស់ប្តូរឥរិយាបថ របស់អតិថិជនចំពោះការប្រើប្រាស់សេវាហិរញ្ញវត្ថុ និងដើម្បីពង្រឹងលទ្ធភាពរបស់ប្រជាពលរដ្ឋ ក្រីក្រក្នុងការទទួលបានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចពីការប្រើប្រាស់សេវាទាំងនោះ ។

គោលដៅចម្បងរបស់យុទ្ធនាការនេះ គឺសម្រាប់យុវជនដែលមានអាយុចាប់ពី ១៥ ទៅ ៣០ ឆ្នាំ នៅតាមទីក្រុង និងជនបទទូទាំងព្រះរាជាណាចក្រកម្ពុជា ។ ខណៈដែលឥណទានអតិថិជន និងផលិតផលហិរញ្ញវត្ថុឌីជីថលកាន់តែមានភាពទូលំទូលាយនៅក្នុងប្រទេសកម្ពុជា ហានិភ័យក៏កាន់តែខ្ពស់ ដោយយុវវ័យក៏ដូចជាប្រជាពលរដ្ឋក្រីក្រ ដែលជាក្រុមអតិថិជនមានបទពិសោធន៍ តិចតួចនិងងាយរងគ្រោះដោយសារវិបត្តិសេដ្ឋកិច្ច អាចទទួលរងផលប៉ះពាល់ពីការជាប់បំណុលវ័ណ្ឌកករ ការជ្រើសរើសផលិតផលនិងសេវាហិរញ្ញវត្ថុពុំត្រឹមត្រូវ និងការចាញ់បោកជនឱកាសនិយមដែលផ្តល់កម្ចីក្រៅផ្លូវការដោយអត្រាការប្រាក់ខ្ពស់ហួសហេតុ ។ យុទ្ធនាការនេះមានរយៈពេល ១២ សប្តាហ៍ និងត្រូវបានរៀបចំឡើងដោយផ្អែកលើប្រធានបទ ៤ រួមមាន៖ ការជ្រើសរើស ការប្រើប្រាស់ ការតថ្លៃ និងការប្រាស្រ័យទាក់ទង ។ ម៉្យាងទៀត យុទ្ធនាការនេះក៏នឹងបង្ហាញអំពីសារអប់រំមួយចំនួន នាំមកជាមួយនូវការលើកទឹកចិត្តឱ្យយុវវ័យ និយាយអំពីបញ្ហាលុយកាក់ជាមួយក្រុមគ្រួសារនិងមិត្តភក្កិរបស់ខ្លួន ។ នៅក្នុងឱកាសសន្និសីទជាតិ ស្តីពី ការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង នៃធនាគារជាតិនៃកម្ពុជា បានប្រកាសបើកឱ្យដំណើរការជាផ្លូវការនូវយុទ្ធនាការនេះ ព្រមទាំង បានមានប្រសាសន៍ផងដែរថា “ក្តីសង្ឃឹមយើងគឺថា ជាមួយនឹងចំណេះដឹងដែលយើងកំពុងផ្តល់ យុវជននឹងមានទំនុកចិត្តជាងមុនក្នុងការសម្រេចចិត្តដ៏វៃឆ្លាតទាក់ទងទៅនឹងលុយ នាពេល អនាគត ។ យើងសង្ឃឹមថាយុទ្ធនាការដ៏សំខាន់មួយនេះ នឹងជាការបោះជំហានមួយទៅរក ការកសាងមួលដ្ឋានដ៏រឹងមាំសម្រាប់ចំណេះដឹងខាងផ្នែកហិរញ្ញវត្ថុ និងការលើកកម្ពស់សិទ្ធិអ្នក ប្រើប្រាស់នៅកម្ពុជា”

សារទាំងនេះត្រូវបានបង្កើតឡើងក្នុងទម្រង់ជាច្រើនប្រភេទ និងត្រូវបានផ្សព្វផ្សាយតាមរយៈ ប្រព័ន្ធអនឡាញ សារ SMS ខិត្តប័ណ្ណ និងប្រព័ន្ធផ្សព្វផ្សាយ ។ មានវីដេអូមួយគឺជាខ្សែ រឿងដ៏គួរឱ្យចាប់អារម្មណ៍ ក្នុងចំណោមវីដេអូទាំង ៦ ដែលធនាគាជាតិនៃកម្ពុជាបានសហការ រួមគ្នាបង្កើតជាមួយអង្គការ Good Return អូស្ត្រាលី ។ លោក Guy Winship នាយកប្រតិបត្តិ នៃអង្គការ Good Return អូស្ត្រាលី បានមានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយ ជាអនេក ដែលបានសហការជាមួយធនាគារជាតិនៃកម្ពុជា និងគាំទ្រការខិតខំប្រឹងប្រែងក្នុងការ ជំរុញឱ្យយុវជនកម្ពុជានិយាយអំពីលុយ ដែលអាចឱ្យពួកគេ ក៏ដូចជាក្រុមគ្រួសារ ធ្វើការ ជ្រើសរើសប្រើប្រាស់ និងទទួលបានអត្ថប្រយោជន៍យ៉ាងមានប្រសិទ្ធភាព”

ការអភិវឌ្ឍនៃយុទ្ធនាការនិយាយពីលុយបានទទួលការគាំទ្រពី អង្គការ World Education Cambodia មូលនិធិ English Family Foundation និងការផ្តួចផ្តើមអភិវឌ្ឍគំនិតបង្កើតថ្មីនៃ អង្គការ USAID ។ យុទ្ធនាការនេះក៏មានការសហការជាមួយក្រុមហ៊ុនស្មាត ដែលជាដៃគូទូរគមនាគមន៍ផ្លូវការ ដើម្បីផ្សព្វផ្សាយសារទាំងនេះទៅកាន់យុវជន ។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងយុទ្ធនាការនេះសូមចូលទៅកាន់:

គេហទំព័រ: www.talkmoney.info
Facebook: www.facebook.com/talkmoneyinfo