សេចក្តីប្រកាសព័ត៌មាន
ការចុះហត្ថលេខា លើកំណត់ត្រានៃ កិច្ចពិភាក្សា ស្តីពី គម្រោងអភិវឌ្ឍ ប្រព័ន្ធទូទាត់រាយ សម្រាប់ប្រទេសកម្ពុជា
០៣ មិថុនា ២០១៦

ទំនាក់ទំនង:
រាជធានីភ្នំពេញ ប្រទេសកម្ពុជា
ឈ្មោះ ៖ ជា ដារ៉ា
លេខទូរស័ព្ទ ៖ ០២៣ ៧២២៥៦៣ (១១៣៤)
អ៊ីមែល ៖ psd@nbc.org.kh

ការចុះហត្ថលេខា លើកំណត់ត្រានៃ កិច្ចពិភាក្សា
ស្តីពី
គម្រោងអភិវឌ្ឍ ប្រព័ន្ធទូទាត់រាយ សម្រាប់ប្រទេសកម្ពុជា

ប្រព័ន្ធទូទាត់គឺជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដ៏សំខាន់មួយរបស់ប្រទេសដែលមានតួនាទីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់នូវមធ្យោបាយសម្រាប់សម្រួលដល់ការទូទាត់ក្នុងសកម្មភាពពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងឆាប់រហ័ស ។ បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជាបាននិងកំពុងផ្តោតជាសំខាន់លើការអភិវឌ្ឍប្រព័ន្ធទូទាត់រាយជាការងារអាទិភាព ក្នុងគោលដៅកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់និងជំរុញការទូទាត់ជាអេឡិចត្រូនិកក្នុងសេដ្ឋកិច្ច ព្រមទាំងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍវិស័យហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល។

អាស្រ័យដោយមើលឃើញ ពីសារៈសំខាន់នេះ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ ធនាគារជាតិនៃកម្ពុជាបានចុះហត្ថលេខា លើកំណត់ត្រានៃកិច្ច ពិភាក្សាស្តីពី គម្រោងអភិវឌ្ឍប្រព័ន្ធ ទូទាត់រាយសម្រាប់ប្រទេសកម្ពុជា ក្រោមជំនួយរបស់ រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ តាមរយៈ KOICA ដែលមានទឹកប្រាក់៨លានដុល្លារអាមេរិក។

ជំនួយនេះត្រូវបានរដ្ឋាភិបាលប្រទេសកូរ៉េ អនុម័តផ្តល់ឱ្យប្រទេសកម្ពុជា ក្រោមក្របខ័ណ្ឌនៃការចុះអនុស្សរណៈ យោគយល់ រវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលកូរ៉េ ស្តីពីការរៀបចំប្រព័ន្ធទូទាត់សងប្រាក់ តម្លៃរាយក្នុង ​ប្រទេសកម្ពុជា កាលពីខែធ្នូឆ្នាំ២០១៤។

ជំនួយរបស់រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េនេះនឹងត្រូវបានប្រើប្រាស់សម្រាប់អភិវឌ្ឍប្រព័ន្ធ ការរៀបចំវិធាននិងបទប្បញ្ញត្តិពាក់ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស ក្នុងគោលដៅ ធ្វើឱ្យប្រព័ន្ធទូទាត់រាយនៅក្នុងប្រទេសកម្ពុជាកាន់តែទំនើប មានសុវត្ថិភាព និងប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ការអនុវត្តគម្រោងអភិវឌ្ឍក្រោមជំនួយរដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េនឹង រួមចំណែកពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ ជាពិសេសទំនាក់ទំនង រវាងធនាគារកណ្តាលប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរឡើង។

អំពីធនាគារជាតិនៃកម្ពុជា
ធនាគារជាតិនៃកម្ពុជាគឺជាធនាគារកណ្តាលរបស់ព្រះរាជាណាចក្រកម្ពុជា ។ ក្នុងនាមជាអាជ្ញាធររូបិយ-វត្ថុនិងត្រួតពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជា បេសកកម្មចម្បងរបស់ធនាគារជាតិនៃកម្ពុជាគឺកំណត់និងដឹកនាំគោលនយោបាយរូបិយវត្ថុ ក្នុងគោលដៅរក្សានូវស្ថិរភាពថ្លៃ សំដៅរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល ៖ www.nbc.org.kh

សូមភ្ជាប់ទំនាក់ទំនងជាមួយធនាគារជាតិនៃកម្ពុជា
www.facebook.com/nationalbankofcambodiaofficial
www.twitter.com/nbccambodia
www.youtube.com/nationalbankofcambodia


ចុចត្រង់នេះទាញយកឯកសារ