សេចក្តីប្រកាសព័ត៌មាន
ការដាក់ឱ្យដំណើរការជាផ្លូវការ សេវាទូទាត់រហ័ស
១៥ កក្កដា ២០១៦

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ឈ្មោះ ៖ ជា ដារ៉ា
លេខទូរស័ព្ទ ៖ ០២៣ ៧២២​៥៦៣ (១១៣៤)
អ៊ីមែល ៖ psd@nbc.org.kh
 

ការ​ដាក់ឱ្យដំណើរការជាផ្លូវការសេវាទូទាត់រហ័ស
 

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ - ធនាគារជាតិនៃ​កម្ពុជា​ក្រោម​កិច្ចសហការ​​ជាមួយគ្រឹះស្ថានធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ​ចំនួន១៣ បាន​ដាក់​ឱ្យដំណើរការជាផ្លូវការ “សេវា​ទូទាត់រហ័ស” ដែលជាសេវាថ្មីមួយអាចឱ្យ​អតិថិជន ​ទទួលបានមូលនិធិ​ភ្លាមៗដែលឆ្លើយតបទៅ នឹងតម្រូវការសាច់ប្រាក់ បានទាន់ពេលវេលា ។

គោលបំណងនៃការដាក់ឱ្យដំណើរការ ”សេវាទូទាត់រហ័ស” គឺដើម្បីផ្តល់មធ្យោបាយបន្ថែម​ទៀត​​​​​​សម្រាប់គ្រឹះស្ថានធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទាំងអស់អនុវត្ត​ប្រតិបត្តិកា​រ​ផ្ទេរប្រាក់ និងទូទាត់សងប្រាក់​​​ជា​ប្រាក់រៀល ឆ្លងគ្រឹះស្ថានសម្រាប់អតិថិជនរបស់ខ្លួននៅគ្រប់​ខេត្ត-ក្រុង ទូទាំងប្រទេសកម្ពុជា ប្រកប​ដោយភាព​​រហ័ស សុវត្ថិភាព មានប្រសិទ្ធភាពខ្ពស់ និងអាច​ជឿ​ទុកចិត្តបាន ។ ម្យ៉ាងវិញទៀត សេវានេះ​នឹងរួមចំណែកយ៉ាងសកម្មក្នុង​ការលើក​កម្ពស់​ការ​​ប្រើប្រាស់​ប្រាក់​រៀលឱ្យបានទូលំទូលាយ   បង្កើន​​តម្លាភាព​​​តាមរយៈការទូទាត់​ជា​អេឡិចត្រូនិក​ កាត់​បន្ថយ​ចរាចរ​​សាច់ប្រាក់នៅលើទីផ្សារ ​​បង្កើននូវ​ប្រសិទ្ធភាពក្នុង​ការ​ប្រើប្រាស់​ធនធានហិរញ្ញវត្ថុ និង​ជាពិសេស​លើក​កម្ពស់បរិយាប័ន្ន​ហិរញ្ញវត្ថុ​ និងចូលរួម​អភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការធ្វើទំនើបកម្មប្រព័ន្ធទូទាត់​នៅ​ប្រទេស​កម្ពុជាឱ្យកាន់តែប្រសើរ ។

បច្ចុប្បន្ន  អតិថិជនអាចប្រើប្រាស់សេវានេះនៅទូទាំងប្រទេសកម្ពុជាតាមគ្រឹះស្ថានធនាគារ​ អេស៊ីលីដា​  កម្ពុជាសាធារណៈ  កាណាឌីយ៉ា​  ​វឌ្ឍនៈ​អាស៊ីចំកាត់ (អេ ប៊ី អេ)   វិនិយោគ​និង​​អភិវឌ្ឍន៍​កម្ពុជា  ហ្វីលីព   ស្ថាបនា  និងគ្រឹះស្ថានមី​ក្រូ​ហិរញ្ញ​​វត្ថុ​ទទួលប្រាក់បញ្ញើ  ​ អង្គរមីក្រូហិរញ្ញ​វត្ថុ​កម្ពុជា (អេ អឹម ខេ)   វីសិនហ្វាន់ បា្រសាក់  អម្រឹត  ក្រេឌីត  និងហត្ថាកសិករ​ ។ សេវានេះនឹងអាចឱ្យ​អតិថិជន​ប្រើប្រាស់​​​​​បាន​កាន់​តែ​ទូលំទូលាយ​នាពេល​ឆាប់ៗ​​ខាងមុខនៅតាមគ្រឹះស្ថានធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​​មីក្រូហិរញ្ញ​វត្ថុ​ទទួល​ប្រាក់​​​បញ្ញើ​ផ្សេងៗ​​​​ទៀត​ដែលបាននិងកំពុងដាក់ពាក្យចូលជា​សមាជិកជា​បន្តបន្ទាប់ ។

អំពីធនាគារជាតិនៃកម្ពុជា
ធនាគារជាតិនៃកម្ពុជាគឺជាធនាគារកណ្តាលរបស់ព្រះរាជាណាចក្រកម្ពុជា ។ ក្នុងនាមជាអាជ្ញាធរ​រូបិយ-​វត្ថុនិងត្រួតពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជា បេសកកម្មចម្បងរបស់ធនាគារជាតិនៃកម្ពុជាគឺកំណត់​និង​ដឹកនាំគោលនយោបាយរូបិយវត្ថុ ក្នុងគោលដៅរក្សានូវស្ថិរភាពថ្លៃ សំដៅរួមចំណែកជំរុញការអភិវឌ្ឍ​សេដ្ឋកិច្ច ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលមើលគេហទំព័រ ៖ www.nbc.org.kh

សូមភ្ជាប់ទំនាក់ទំនងជាមួយធនាគារជាតិនៃកម្ពុជា 
www.facebook.com/nationalbankofcambodiaofficial
www.twitter.com/nbccambodia
www.youtube.com/nationalbankofcambodia



ចុចត្រង់នេះទាញយកឯកសារ