សេចក្តីប្រកាសព័ត៌មាន
កិច្ចប្រជុំរាយការណ៏អំពីលទ្ធផលនៃបេសកកម្មមាត្រាទី IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ
១៨ កក្កដា ២០១៦

កាលពី​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៦​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អនុញ្ញាតិ​ឱ្យ​ក្រុម​បេសកកម្ម​មាត្រា​ទី​IV​ របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF)​ ដែល​ដឹកនាំ​ដោយ​ លោក​ Markus​ Rodlauer​ អនុប្រធាន​នាយកដ្ឋាន​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នៃ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ ចូល​ជួប​ ដើម្បី​រាយការណ៍​ពី​លទ្ធផល​នៃ​វាយតម្លៃ​ស្ថានភាព​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា​ ។​ 

​ជាបឋម​ IMF​ បាន​អបអរសាទរ​ដែល​កម្ពុជា​បាន​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ ដោយសារ​ ភាព​ជោគជ័យ​នៃ​ការ​អនុវត្ត​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​ ។​ IMF​ បាន​វាយតម្លៃ​ខ្ពស់​ ចំពោះ​វឌ្ឍនភាព​ដែល​កម្ពុជា​សម្រេច​បាន​ក្នុង​វិស័យសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ដោយ​កំណើនសេដ្ឋកិច្ច​ សម្រាប់​ឆ្នាំ​២០១៦-២០១៧​ រំពឹង​ថា​បន្ត​ទទួល​បាន​ក្នុង​អត្រា​ប្រមាណ​ ៧%​ ជាមួយនឹង​អត្រា​អតិផរណា​ទាប​ ប្រមាណ​ ៣,២%​ នៅ​ចុងឆ្នាំ​ ២០១៦​ ។​

​ទន្ទឹម​នេះ​ IMF​ ក៏​បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ រួម​មានការ​បន្ត​កើនឡើង​នៃ​កំណើន​ឥណទាន​ និង​ហានិភ័យ​ខាងក្រៅ​ដូច​ជា​ ការ​ថមថយ​ល្បឿន​កំណើនសេដ្ឋកិច្ច​ចិន​ ការ​ឡើងថ្លៃ​នៃ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ កំណើន​ទន់ខ្សោយ​នៃ​សេដ្ឋកិច្ច​សហភាព​អឺរ៉ុប​ និង​ការ​កើនឡើង​ភាព​មិន​ប្រាកដប្រជា​ ដែល​បណ្តាល​មក​ពី​ ការ​សម្រេច​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ និង​ការ​រឹតត្បិត​ស្ថានភាព​ទីផ្សារ​ហិរញ្ញវត្ថុ​សកល​ ខ្លាំង​ជាង​ការ​រំពឹង​ទុក​ ។​ 

​ដើម្បី​បន្ត​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ប្រកបដោយ​និរន្ត​ភាព​ IMF​ ក៏​បាន​ផ្តល់​អនុសាសន៍​ចម្បងៗ​ ក្នុង​ការ​ គាំទ្រ​ រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​។​