សេចក្តីប្រកាសព័ត៌មាន
ជំនួបពិភាក្សារវាង ឯកឧត្តមទេសាភិបាល នឹងនាយកប្រតិបត្តិនៃការិយាល័យអាស៊ីអាគ្នេយ៍ប្រចាំ មូលនិធិរូបិយវត្ថុអន្តរជាតិ
១៨ កក្កដា ២០១៦

នៅ​ល្ងាច​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៦​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​លោក​ Marzunisham​ Omar​ នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​អាស៊ី​អាគ្នេយ៍​ប្រចាំ​ មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF)​ ចូល​ជួប​សម្តែង​ការ​គួរសម​និង​ពិភាក្សា​ការងារ​ ។​ លោក​ Omar​ បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​ឱកាស​ដែល​ក្រុម​បេសកកម្ម​មាត្រា​ទី​ IV​ របស់​ IMF​ បាន​មក​ វាយតម្លៃ​ប្រចាំឆ្នាំ​ស្ថានភាព​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា​ ដើម្បី​ពិនិត្យ​មើល​វឌ្ឍនភាព​ជាក់ស្តែង​នៅ​កម្ពុជា​ ។​ លោក​ Omar​ បាន​អបអរសាទរ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ធនាគារជាតិ​នៃ​កម្ពុជា​ ដែល​បាន​ខិតខំ​អភិវឌ្ឍ​ សេដ្ឋកិច្ច​ និង​ប្រព័ន្ធ​ធនាគារ​ឱ្យ​បាន​រីក​ចម្រើន​យ៉ា​ឆាប់រហ័ស​ប្រកបដោយ​ភាពរឹងមាំ​និង​ចីរភាព​ ។​ លោក​ក៏​បាន​គាំទ្រ​ការ​វាយតម្លៃ​ដោយ​សុទិដ្ឋិនិយម​របស់​ IMF​ ចំពោះ​សន្ទុះ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ ហើយ​លោក​ក៏​ត្រៀមខ្លួន​ដើម្បី​រួមចំណែក​គាំទ្រ​ក្នុង​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ ជា​ពិសេស​តាម​រយៈ​ ការ​ពង្រឹង​ការ​ផ្តល់​ជំនួយ​បច្ចេកទេស​របស់​ IMF​ មក​កម្ពុជា​ ក្នុង​គោលដៅ​កសាង​សមត្ថភាព​ធនធាន​ មនុស្ស​ និង​លើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ប្រព័ន្ធ​ធនាគារ​កម្ពុជា​ ។​