សំណួរ-ចម្លើយ
1 / 1
  • ១-តើបេសកកម្មរបស់ធនាគារជាតិនៃកម្ពុជាជាអ្វី?
    បេសកកម្មចម្បងរបស់ធនាគារជាតិនៃកម្ពុជា ដែលជាធនាគារកណ្តាលរបស់ប្រទេសកម្ពុជា គឺការកំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុ ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ សំដៅរួមចំណែកជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ ។
  • ២-តើធនាគារជាតិនៃកម្ពុជាមានតួនាទីចម្បងអ្វីខ្លះ?
    ធនាគារជាតិនៃកម្ពុជាគឺជាអាជ្ញាធររូបិយវត្ថុ និងត្រួតពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជា ។ ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ ធនាគារជាតិនៃកម្ពុជាមានសិទ្ធិផ្តាច់មុខក្នុងការបោះផ្សាយប្រាក់រៀលដែលជារូបិយវត្ថុជាតិ ។ ធនាគារជាតិនៃកម្ពុជាជាអ្នករក្សាស្ថិរភាពរូបិយវត្ថុ ។ ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជាជាអ្នករៀបចំតាក់តែងអនុវត្ត និងត្រួតពិនិត្យគោលនយោបាយរូបិយវត្ថុនិងប្តូរប្រាក់ ដោយប្រឹក្សាយោបល់ជាមួយរាជរដ្ឋាភិបាលក្នុងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងនាមជាអាជ្ញាធរ ត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជាជាអ្នកផ្តល់និងដកហូតអាជ្ញាប័ណ្ណ ចេញបទប្បញ្ញត្តិនិងត្រួតពិនិត្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា ។ លើសពីនេះទៀត ធនាគារជាតិនៃកម្ពុជាធ្វើការវិភាគស្ថានភាពសេដ្ឋកិច្ចនិងរូបិយវត្ថុជាប្រចាំ ចេញផ្សាយ របាយការណ៍និងព្រឹត្តបត្រផ្សេងៗ ត្រួតពិនិត្យប្រព័ន្ធទូទាត់ជាតិ តម្លើងតារាងស្ថិតិជញ្ជីងទូទាត់ និងចូល រួមក្នុងការគ្រប់គ្រង បំណុល និងឥណទេយ្យក្រៅប្រទេស ។
  • ៣-តើធនាគារជាតិនៃកម្ពុជាបង្កើតឡើងនៅពេលណា? ហើយមានប្រវត្តិដូចម្តេចខ្លះ?
    ធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៥៤ បន្ទាប់ពីប្រទេសកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង និងក្រោយពីវិទ្យាស្ថានបោះប្រាក់ឥណ្ឌូចិន ត្រូវបានបិទទ្វារ ហើយប្រាក់រៀលក៏ត្រូវបានបោះផ្សាយ និងដាក់ឱ្យចរាចរនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៥៥ ផងដែរ ។ នៅ ឆ្នាំ១៩៦៤ ក្រោមរបបសង្គមរាស្រ្តនិយម ធនាគារជាតិនៃកម្ពុជាត្រូវបានធ្វើជាតូបនីយកម្ម ដោយប្រែក្លាយពីស្ថាប័នពាក់កណ្តាលស្វយ័តទៅជាធនាគាររដ្ឋ ដែលមានលក្ខណៈឧស្សាហកម្មនិងពាណិជ្ជកម្ម ។ ធនាគារពាណិជ្ជក្នុងស្រុកទាំងអស់ត្រូវបានបិទទ្វារ ហើយរដ្ឋាភិបាលបានបង្កើតធនាគាររដ្ឋ មួយចំនួនដូចជា ធនាគារឥណទានជាតិ ធនាគារអភិវឌ្ឍន៍ និងធនាគារកសិកម្មជនបទ ។

    ជាអកុសល នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ នៅពេលដែលរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) កាន់អំណាច ធនាគារជាតិនៃកម្ពុជាត្រូវបានបិទទ្វារ អគារស្នាក់ការត្រូវបានកម្ទេច រូបិយវត្ថុជាតិត្រូវបានឈប់ប្រើប្រាស់ ហើយប្រព័ន្ធធនាគារត្រូវបានលុបបំបាត់ចោលទាំងស្រុង ។ ក្រោយការដួលរលំនៃរបបខ្មែរក្រហម ធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងវិញ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ ក្នុងនាមជាធនាគារកណ្តាលរបស់ប្រទេស ដែលមានឈ្មោះថា “ធនាគារជាតិនៃប្រជាជនកម្ពុជា” ។

    នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ ធនាគារជាតិនៃប្រជាជនកម្ពុជាបានបោះផ្សាយប្រាក់រៀលឡើងវិញ ដើម្បីជួយសម្រួលដល់ការទូទាត់ថ្លៃទំនិញ និងបើកប្រាក់ខែជូនមន្រ្តីរាជការស៊ីវិល ។ នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ១៩៩២ រដ្ឋសភាបានអនុម័តច្បាប់ស្តីពីការប្តូរឈ្មោះនិងតួនាទីរបស់ធនាគារពី "ធនាគារជាតិនៃប្រជាជនកម្ពុជា" ទៅជា "ធនាគារជាតិនៃកម្ពុជា" វិញ ដែលត្រូវបានប្រកាសឱ្យប្រើដោយក្រុមប្រឹក្សារដ្ឋនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ១៩៩២ ។ ប្រព័ន្ធធនាគារមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ នៅពេលដែលមានការធ្វើកំណែទម្រង់វិស័យធនាគារ ស្របពេលដែលច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា ច្បាប់ស្តីពីធនាគារនិងស្ថាប័នហិរញ្ញវត្ថុ ព្រមទាំងច្បាប់និងបទប្បញ្ញត្តិដទៃទៀត ត្រូវបានអនុវត្ត ។
  • ៤-តើធនាគារជាតិនៃកម្ពុជាជាផ្នែកមួយនៃរដ្ឋាភិបាលដែរឬទេ?
    ធនាគារជាតិនៃកម្ពុជាជាស្ថាប័នស្វយ័តសាធារណៈ ដែលទទួលសិទ្ធិអចិន្ត្រៃយ៍ពីរាជរដ្ឋាភិបាល មាន ស្វ័យភាពក្នុងការគ្រប់គ្រង តែត្រូវធ្វើរបាយការណ៍ស្តីពីការអនុវត្តភារកិច្ច និងលទ្ធផលដែលសម្រេចបាន ជូនរដ្ឋសភានិងរាជរដ្ឋាភិបាល ។ ធនាគារកណ្តាលកំណត់ និងអនុវត្តគោលនយោបាយរូបិយវត្ថុ ដើម្បី រក្សានិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ដោយពិគ្រោះយោបល់ជាមួយរាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌគោល នយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា ។

    ៥-តើធនាគារជាតិនៃកម្ពុជាគ្រប់គ្រងដោយអ្នកណា?
    ក្រុមប្រឹក្សាភិបាលជាគណៈគ្រប់គ្រង ដែលមានសិទ្ធិក្នុងការធ្វើសេចក្តីសម្រេចលើផែនការ និងគោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជា នៅធនាគារជាតិនៃកម្ពុជា ។ ក្រុមប្រឹក្សាភិបាលកំពូលមានសមាសភាពចំនួន ៧ រូប ដែលមានទេសាភិបាលជាប្រធាន និងមានតួនាទីជានាយកប្រតិបត្តិនៃធនាគារជាតិនៃកម្ពុជា ជាអ្នករាយការណ៍ជូនក្រុមប្រឹក្សាភិបាល និងជាអ្នកទទួលខុសត្រូវអនុវត្តគោលនយោបាយ និងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារជាតិនៃកម្ពុជា ។ ទេសាភិបាលត្រូវបានតែងតាំង ដាក់ជំនួស និងបញ្ឈប់ពីតំណែងដោយព្រះ រាជក្រឹត្យ ដែលយោងតាមសំណើរបស់រាជរដ្ឋាភិបាល ។ ក្រុមប្រឹក្សាភិបាលត្រូវជួបប្រជុំគ្នាយ៉ាងតិច ២ ខែម្តង ។
  • ៦-តើធនាគារជាតិនៃកម្ពុជាអនុវត្តគោលនយោបាយរូបិយវត្ថុយ៉ាងដូចម្តេចខ្លះ?
    កម្រិតដុល្លារូបនីយកម្មខ្ពស់ក្នុងសេដ្ឋកិច្ចកម្ពុជា បានដាក់កម្រិតលើការអនុវត្តគោលនយោបាយរូបិយវត្ថុ ។ ធនាគារជាតិនៃកម្ពុជា បានអនុវត្តនូវរបបអត្រាប្តូរប្រាក់អណ្តែតមានការគ្រប់គ្រង ដើម្បីធានាថាកម្រិត ប្រែប្រួលនៃអត្រាប្តូរប្រាក់គឺស្ថិតក្នុងរង្វង់ដែលធនាគារជាតិនៃកម្ពុជាអាចគ្រប់គ្រងបាន ។ ទន្ទឹមនេះ អន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ក៏ត្រូវបានធ្វើឡើងដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ សំដៅរួមចំណែករក្សាស្ថិរភាពថៃ្លនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ។ ប្រាក់បម្រុងកាតព្វកិច្ចត្រូវបានកំណត់ដោយប្រុងប្រយ័ត្ន ដើម្បីគ្រប់គ្រងនូវការផ្គត់ផ្គង់សាច់ប្រាក់និងការផ្ដល់សាច់ប្រាក់ងាយស្រួល សំដៅគាំទ្រដល់ប្រព័ន្ធធនាគារ ។ ធនាគារជាតិនៃកម្ពុជាបានចេញផ្សាយមូលបត្រអាចជួញដូរបាន ដើម្បីអភិវឌ្ឍ ទីផ្សារអន្តរធនាគារ និងរួមចំណែកគាំទ្រប្រតិបត្តិការគោលនយោបាយរូបិយវត្ថុផ្អែកលើយន្តការទីផ្សារ ។
  • ៧-តើធនាគារជាតិនៃកម្ពុជាផ្តល់ប្រាក់កម្ចីដល់សាធារណជនដែរឬទេ?
    ធនាគារជាតិនៃកម្ពុជាមិនមែនជាអ្នកផ្តល់ប្រាក់កម្ចីសម្រាប់សាធារណជនទេ ប៉ុន្តែជាអ្នកត្រួតពិនិត្យលើប្រព័ន្ធធនាគារ ដែលមានដូចជា ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អាជីវករប្តូរបា្រក់ ជាដើម ។ ដូច្នេះ ធនាគារជាតិនៃកម្ពុជាមិនផ្តល់ប្រាក់កម្ចីដល់ សាធារណជនទេ ពោលគឺគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាអ្នកដើរតួនាទីក្នុងការផ្តល់ប្រាក់កម្ចីដល់សាធារណជន ។
  • ៨-តើសាធារណជនអាចប្តូរប្រាក់នៅឯធនាគារជាតិនៃកម្ពុជាបានឬទេ ?
    អ្នកអាចប្តូរប្រាក់រៀល ឬកាសនៅធនាគារជាតិនៃកម្ពុជាបាន ។ ធនាគារជាតិនៃកម្ពុជា នឹងធ្វើការផ្លាស់ ប្តូរជូនអ្នកដោយមិនគិតកម្រៃសេវា នូវក្រដាសប្រាក់រៀលដែលចាស់ឬរហែក ឬអ្នកអាចប្តូរពីក្រដាស ប្រាក់ ដែលមានចំនួនទឹកប្រាក់ធំទៅជាក្រដាសប្រាក់ដែលមានចំនួនទឹកប្រាក់តូចជាងមុន ឬពីតូចទៅធំ ទៅតាមតម្រូវការរបស់អ្នក ។ ធនាគារជាតិនៃកម្ពុជាអាចធ្វើការបដិសេធ មិនប្តូរជូនអ្នកចំពោះក្រដាស ប្រាក់ណាដែលក្លែងក្លាយ ខូចរូបរាង ធ្លុះធ្លាយ ឬបាត់បង់ផ្ទៃក្រដាសច្រើនជាង ៣០% ។ ក្រដាសប្រាក់បែបនេះ នឹងត្រូវធ្វើការដកហូត និងបំផ្លាញចោលដោយគ្មានសំណងឱ្យទៅម្ចាស់ក្រដាសប្រាក់វិញឡើយ លើកលែងតែក្នុងករណីពិសេសមួយចំនួន ដែលធនាគារជាតិនៃកម្ពុជាអាចនឹងផ្តល់សំណងទាំងអស់ ឬ ខ្លះៗដល់ម្ចាស់ដើមវិញ ។ យ៉ាងណាម៉ិញ អ្នកមិនអាចសុំប្តូរពីរូបិយប័ណ្ណបរទេសមកជារូបិយវត្ថុជាតិ ឬ សុំប្តូរបញ្រ្ចាសមកវិញ នៅធនាគារជាតិនៃកម្ពុជាបានទេ ។
  • ៩-ហេតុអ្វីបានជាប្រាក់ដុល្លារអាមេរិកត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា ?
    ការប្រើប្រាស់ប្រាក់ដុល្លារយ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា បណ្តាលមកពីកត្តា ៤ យ៉ាង គឺ ៖ កត្តាប្រវត្តិសាស្រ្ត កត្តានយោបាយ កត្តាសេដ្ឋកិច្ច និងកត្តាសង្គម ។ ក្នុងអំឡុងរបបខ្មែរក្រហម រូបិយវត្ថុត្រូវបានលុបបំបាត់ចោល ពោលគឺគ្មានទីផ្សារ គ្មានពាណិជ្ជកម្ម និងគ្មានសេរីភាពគ្រប់យ៉ាង ។ ក្រោយរបបខ្មែរក្រហមត្រូវបានផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជាបានចាប់ផ្តើមទទួលបានសន្តិភាពមកវិញ ។ បន្ទាប់ពីធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងសាជាថ្មីនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ ធនាគារជាតិនៃកម្ពុជាក៏បានបោះផ្សាយប្រាក់រៀលជាតិឡើងវិញផងដែរនៅថ្ងៃ ទី២០ ខែមីនា ឆ្នាំ១៩៨០ ប៉ុន្តែភាពជឿជាក់និងជំនឿទុកចិត្តរបស់សាធារណជនមកលើប្រាក់រៀល នៅមានកម្រិត និងផុយស្រួយនៅឡើយ ក្រោយពីសង្រ្គាមទើបត្រូវបានបញ្ចប់ភ្លាមៗ ។

    នៅដើមទស្សវត្សរ៍ឆ្នាំ១៩៩០ អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNTAC) បានមកកាន់ប្រទេសកម្ពុជាដើម្បីរៀបចំការបោះឆ្នោតជាតិជាលើកទីមួយ ។ ក្នុងអំឡុងពេលនោះ ប្រាក់ដុល្លារយ៉ាងច្រើនសន្ធឹកសន្ធាប់ត្រូវបានយកមកប្រើប្រាស់ សម្រាប់ការទូទាត់ក្នុងសេដ្ឋកិច្ចកម្ពុជា ។ ប្រជាជនកម្ពុជាបានចាប់ផ្តើមស្គាល់ពីតម្លៃរបស់ប្រាក់ដុល្លារ ហើយបានប្រើប្រាស់កាន់តែច្រើនឡើងៗក្នុងប្រតិបត្តិការពាណិជ្ជកម្មនិងជំនួញ ។ ដោយការរក្សាបាននូវស្ថិរភាពនិងការបើកចំហនៃសេដ្ឋកិច្ច សកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគបរទេសបានកើនឡើងជាបន្តបន្ទាប់ និងបានជំរុញដល់ការរីកចម្រើនសេដ្ឋកិច្ច ។ ជាលទ្ធផល ប្រាក់ដុល្លារទទួលបានការពេញនិយមកាន់តែច្រើន និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ស្ទើរគ្រប់សកម្មភាពជំនួញ ជាពិសេស ប្រតិបត្តិការដែលមានទំហំទឹកប្រាក់ធំ និងនៅតាមទីប្រជុំជន ។ ទោះជាយ៉ាងណាក៏ដោយផ្អែកតាមការស្ទាបស្ទង់មតិមួយចំនួនបានបង្ហាញថា ប្រាក់រៀលជាតិត្រូវបានប្រើប្រាស់យ៉ាងសកម្មនៅតាមទីជនបទ និងក្នុងប្រតិបត្តិការដែលមានទំហំទឹកប្រាក់តូច សម្រាប់ជាមធ្យោបាយទូទាត់ សន្សំ និងផ្តល់ ឥណទាន ។ គួរកត់សម្គាល់ផងដែរថា តម្រូវការប្រាក់រៀលមានការកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលពីរទស្សវត្សរ៍ចុងក្រោយនេះ និងកំពុងបន្តកើនឡើងបន្ថែមទៀត ។
  • ១០-ហេតុអ្វីបានជាប្រាក់រៀលមានសារៈសំខាន់ចំពោះសេដ្ឋកិច្ចកម្ពុជា?
    ការប្រើប្រាស់ប្រាក់រៀលគឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះប្រាក់រៀលបានជួយលើកស្ទួយអត្ត សញ្ញាណជាតិ ។ ប្រាក់រៀលកសាងជំនឿទុកចិត្ត ជំរុញសាមគ្គីភាព និងបណ្តុះការបង្រួបបង្រួម និង ស្មារតីជាតិនិយមនៅក្នុងប្រទេស ។

    ក្នុងន័យសេដ្ឋកិច្ច ចរាចរប្រាក់រៀលកាន់តែច្រើននឹងជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ ។ ធនាគារជាតិនៃកម្ពុជានឹងមានលទ្ធភាពកាន់តែច្រើនក្នុងការគ្រប់គ្រងគោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ដោយសារការផ្គត់ផ្គង់រូបិយវត្ថុមានទំនាក់ទំនងយ៉ាងជិត ស្និទ្ធទៅនឹងផលិតកម្មនិងអត្រាអ្នកមានការងារ ។ ការពឹងផ្អែកលើការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកបណ្តាលឲ្យកម្ពុជាងាយទទួលរងការប៉ះទង្គិចពីសេដ្ឋកិច្ចសហរដ្ឋអាមេរិក ។ ប្រសិនបើប្រាក់រៀលជារូបិយវត្ថុចម្បង ធនាគារកណ្តាលអាចដើរតួនាទីជាអ្នកឱ្យខ្ចីចុងក្រោយ ។ ម្យ៉ាងវិញទៀត ការប្រើប្រាស់ ប្រាក់រៀល ក៏នឹងជួយឲ្យរដ្ឋាភិបាលទទួលបានប្រាក់ចំណេញក្នុងការបោះផ្សាយរូបិយវត្ថុផងដែរ ។ លើសពីនេះ ប្រសិនបើប្រាក់រៀលតែមួយមុខត្រូវបានប្រើប្រាស់ក្នុងទីផ្សារ តម្លៃប្រតិបត្តិការក្នុងការប្តូរ ប្រាក់នឹងត្រូវបានកាត់បន្ថយ ។