កម្មសិក្សា

កម្មសិក្សា គឺជាមធ្យោបាយដ៏ប្រសើរចំពោះនិស្សិត ដើម្បីទទួលបាននូវបទពិសោធន៍ការងារជាក់ស្តែង ។ ក្នុងអំឡុងពេលជាច្រើនឆ្នាំកន្លងមកនេះ ធនាគារជាតិនៃកម្ពុជា បានបើកទ្វារទទួលនិស្សិតមកពីសាកលវិទ្យាល័យនានា ដែលមានបំណងចង់យល់ដឹងអំពីប្រតិបត្តិការ ធនាគារកណ្តាល តាមការផ្តល់ឱកាសនៃកម្មសិក្សាន ។

ដើម្បីស្នើសុំចុះធ្វើកម្មសិក្សានៅធនាគារជាតិនៃកម្ពុជា និស្សិតត្រូវតែៈ

• សិក្សានៅឆ្នាំទី៣ឬទី៤តាមសាកលវិទ្យាល័យ
• ភ្ជាប់លិខិតបញ្ជាក់អំពីគោលបំណងចុះកម្មសិក្សា
• ភ្ជាប់លិខិតស្នើសុំរបស់សាកលវិទ្យាធិការជូនចំពោះទេសាភិបាលធនាគារជាតិនៃកម្ពុជា ។

ធនាគារជាតិនៃកម្ពុជា ស្វាគមន៍និស្សិតដែលសិក្សាផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ ច្បាប់ និងគណនេយ្យជាដើម ដើម្បីដាក់ពាក្យស្នើសុំធ្វើកម្មសិក្សា។ នៅពេលនិស្សិត ត្រូវបានទទួលឱ្យចុះកម្មសិក្សា ធនាគារជាតិនៃកម្ពុជា នឹងរៀបចំកាលវិភាគជូនតាមពេលវេលាសមស្របណាមួយ ។ និស្សិតអាចស្នើសុំចុះកម្មសិក្សាបានគ្រប់ពេលវេលា ហើយរយៈពេលកម្មសិក្សា គឺមានចាប់ពី២សប្តាហ៍រហូតដល់មួយឆ្នាំ ដោយផ្អែកតាមកាលវិភាគនិស្សិត និងតម្រូវការរបស់សាកលវិទ្យាល័យ ។ កម្មសិក្សាការី ត្រូវតែគោរពតាមបទបញ្ជារបស់ធនាគារជាតិនៃកម្ពុជា រួមមានការចុះកម្មសិក្សាបានទាន់ពេលម៉ោង និងវត្តមានពេញលេញ ។

នៅពេលបញ្ចប់កម្មសិក្សា ធនាគារជាតិនៃកម្ពុជា នឹងចេញលិខិតបញ្ជាក់ជូនដល់កម្មសិក្សាការី ។ កម្មសិក្សានៅធនាគារជាតិនៃកម្ពុជា មិនតម្រូវឱ្យបង់ថ្លៃឡើយ ប៉ុន្តែនិស្សិតនឹងទទួលបានមកវិញនូវបទពិសោធន៍ការងារយ៉ាងល្អ បានចូលរួមទៅក្នុងការងារជាក់ស្តែង បង្កើតឱកាសផ្សារភ្ជាប់ទំនាក់ទំនង និងបានរៀបចំប្រវត្តិ ការសិក្សាបានយ៉ាងល្អ ដែលអាចធ្វើឱ្យមានភាពទាក់ទាញចំពោះនិយោជកនៅពេលស្វែងរកការងារបន្ទាប់ពីបញ្ចប់ការសិក្សា ។

បើលោកអ្នកចាប់អារម្មណ៍ចំពោះការដាក់ពាក្យសុំកម្មសិក្សានៅធនាគារជាតិនៃកម្ពុជា ឬ មានសំនួរផ្សេងៗ សូមទាក់ទងមកការិយាល័យបណ្តុះបណ្តាល នៃនាយកដ្ឋានបុគ្គលិក តាមអ៊ីម៉ែល ៖ training@nbc.org.kh ។