មានធនធានមនុស្សប្រកបដោយគុណវុឌ្ឍិ គឺជាគន្លឹះនៃភាពជោគជ័យរបស់ ស្ថាប័ន សាធារណៈ និងឯកជន ។ អាស្រ័យហេតុនេះ ធនាគារជាតិនៃកម្ពុជាមានមោទនភាពចំពោះមន្ត្រី-បុគ្គលិករបស់ខ្លួន និងការចូលរួមចំណែកយ៉ាងពិសេសក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិនៅក្នុងទសវត្សកន្លងមក ក៏ដូចជាការអនុវត្តគោលនយោបាយ សេដ្ឋកិច្ចឆ្ពោះទៅរកអនាគតកាន់តែសំបូររុងរឿង ។
យើងមិនអាចសម្រេចបានសមិទ្ធិផលទាំងឡាយដោយមិនមានការចូលរួមប្រកបដោយទេពកោសល្យ និងការប្តេជ្ញារបស់មន្ត្រី-បុគ្គលិកនៃធនាគារជាតិនៃកម្ពុជាយើងនោះទេ ។ បច្ចុប្បន្ន មន្ត្រី-បុគ្គលិកនៃធនាគារជាតិនៃកម្ពុជាទាំងនៅទីស្នាក់ការកណ្តាលនិងបណ្តាខេត្តមានចំនួនជាង ១.៣០០នាក់ ដែលបំរើការងារនៅទីស្នាក់ការកណ្តាល និងនៅតាមសាខា រាជធានីខេត្ត ។ មន្ត្រីបុគ្គលិកភាគច្រើន បានបពា្ចប់ការសិក្សាថ្នាក់ប្រកាសនីយបត្រ បរិញ្ញាបត្រ អនុបណ្ឌិត ឬបណ្ឌិតផ្នែកសេដ្ឋកិច្ច ធនាគារ ហិរញ្ញវត្ថុ គណនេយ្យ ច្បាប់ និងព័ត៌មានវិទ្យា ។ល។
ចំពោះមន្ត្រីបុគ្គលិកថ្មី ធនាគារជាតិនៃកម្ពុជាបានផ្តល់ប្រាក់បៀវត្សសមរម្យ បើប្រៀបធៀប ជាមួយនឹងស្ថាប័នសាធារណៈផ្សេងៗ ។ ដើម្បីរក្សាមន្រ្តីបុគ្គលិកឆ្នើម និងជំរុញលទ្ធផលការងារ ធនាគារជាតិនៃកម្ពុជាបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដូចជា ការប្រលងប្រណាំងឆ្លងក្របខ័ណ្ឌ ការតំឡើងឋានៈតាមរយៈការទទួលស្គាល់ស្នាដៃការងារ ការផ្លាស់ប្តូរការងារឱ្យត្រូវតាមកន្លែងនិងសមត្ថភាព ការធានារ៉ាប់រងសុខភាពនិងគ្រោះថ្នាក់ការងារ ការចាត់តាំងឱ្យចូលរួមប្រជុំនិងទស្សនកិច្ចសិក្សានៅក្រៅប្រទេស ចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ចូលរួមការសិក្សារយៈពេលវែង និងអត្ថប្រយោជន៍ផ្សេងទៀត ។
ការងារ